(ភ្នំពេញ)៖ ស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣ទីតាំងស្ថិត ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ការដាក់សម្ពោធឲ្យប្រើប្រាស់ធ្វើឡើងក្រោមការចូលរួមពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក Cherdkiat Atthakor, លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុន PTT ប្រចាំកម្ពុជា។

លោក ស៊ុន ចាន់ថុល បានថ្លែងអបអរសារទរ ចំពោះការបើកសម្ពោធជាផ្លូវការ នៃស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

លោកទេសរដ្ឋមន្រ្ដីបានថ្លែងថា «ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល យានយន្ដអគ្គិសនី EV STATION PLUZ ជាការចូលរួមចំណែកពីវិស័យឯកជន ក្នុងការកសាងប្រទេសជាតិរបស់កម្ពុជា ក្នុងនោះសង្ឃឹមថា ក្រុមហ៊ុន PTT នឹងបន្ដដាក់ស្ថាននីយបញ្ចូលថាមពលយានយន្ដអគ្គិសនីបន្ថែមទៀត ក្នុងនោះក៏សង្ឃឹមថា ក្រុមហ៊ុនដទៃទៀតនឹងរៀបចំដាក់កន្លែងបញ្ចូល ថាមពលយានយន្ដអគ្គិសនីនេះផងដែរ»

លោកទេសរដ្ឋមន្រ្ដីបន្ដថា បច្ចុប្បន្នកម្ពុជាមានស្ថានីយបញ្ចូល ថាមពលយានយន្ដអគ្គិសនីចំនួន១៣កន្លែង ក្នុងនោះ៤កន្លែងស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន១កន្លែងក្នុងខេត្តបានដំបង, ចំនួន១កន្លែងក្នុងខេត្តសៀមរាប, ចំនួន១នៅក្នុងក្រុងព្រះសីហនុ, ចំនួន១កន្លែងនៅព្រៃសរ, ចំនួន១កន្លែងនៅខេត្តមណ្ឌលគីរី, ១កន្លែងស្ថិតក្នុងផ្សារទំនើបអ៊ីអនសែនសុខ និង៣ជារបស់ក្រុមហ៊ុន PTT នេះឯង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាក្នុងឆ្នាំ២០២៣នេះ ស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី នឹងកើនឡើង ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ រថយន្ដអគ្គិសនី និងអាចធ្វើដំណើរគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា ដោយមិនបារម្ភ ក្នុងការអស់អាគុយប្រើប្រាស់នោះទេ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការប្រើប្រាស់ថយន្ដដើរដោយអគ្គិសនី ម៉ូតូអគ្គិសនីឲ្យបាន ៧០ភាគរយ ក្នុងឆ្នាំ២០៥០ខាងមុខនេះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន នេះជាគោលដៅរបស់រាជរដ្ឋាភិបាលរបស់កម្ពុជា។

លោកបន្តថា ក្រៅអំពីការជំរុញឲ្យប្រើប្រាស់រថយន្ដអគ្គិសនីនេះ រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ដូចជាការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុមព្រះសីហនុ និងការបើកកដ្ឋានសាងសងផ្លូវល្បឿនលឿនភ្នំពេពេញ-បាវិត និងកំពុងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ព្រមទាំងបានពង្រឹង និងពង្រីកផ្លូវជាតិលេខ៥ ព្រមទាំងកិច្ចការងារជាច្រើនទៀត។

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា Cherdkiat Atthakor បានថ្លែងថា ក្នុងនាមជាជម្រើសមួយ ក្នុងចំណោមជម្រើសជាច្រើន នៃស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ភីធីធី បានរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងស្តង់ដាររបស់ខ្លួន។ PTT មិនត្រឹមតែស្ថានីយ៍ប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអតិថិជនចំណាយពេលវេលា ប្រកបដោយគុណភាព ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិបន្ទាប់ពីបើកបរផ្លូវឆ្ងាយ ជាមួយនឹងសេវាកម្មផ្សេងៗរួមមានអាហារ និងភេសជ្ជៈ។

ឯកអគ្គរាជទូតរូបនេះបានបន្ដថា «ជាមួយនឹងការរីកចម្រើន និងជោគជ័យដែលបង្ហាញឱ្យឃើញ ភីធីធី នឹងបន្តក្លាយជាជើងឯក ក្នុងការអនុវត្តអាជីវកម្មរបស់ខ្លួន ជាមួយនឹងស្តង់ដារគុណភាព។ ពិធីសម្ពោធស្ថានីយ៍ EV នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់អាជីវកម្មរបស់ PTT នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់មួយទៀត សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការស្វែងរកដំណោះស្រាយថាមពល ប្រកបដោយនិរន្តរភាព ដូចដែលអ្នកទាំងអស់គ្នា ធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

លោក Nuttapong Kaewtrakulpong បានថ្លែងថា «ជាមួយនឹងចក្ខុវិស័យយើងនឹងធ្វើឲ្យ មានភាពប្រសើរឡើង សម្រាប់សហគមន៍ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា និងតាមរយៈសេចក្តីណែនាំរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ EV ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចនៅកម្ពុជា ក្រុមហ៊ុន PTT មានគោលបំណងជំរុញសហគមន៍ឱ្យ មានជីវភាពរស់នៅកាន់តែប្រសើរឡើង និងឈានឆ្ពោះទៅកាន់ពិភពថាមពលបៃតង។ ដូច្នេះហើយក្រុមហ៊ុន ភីធីធី មានចក្ខុវិស័យក្នុងការបោះជំហាន ជាមួយស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ឲ្យឈានមុខគេលំដាប់ទី១នៅកម្ពុជា ក្រោមម៉ាកយីហោ «EV Station Pluz» ពី OR Group»

លោកបានបន្ដថា ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកដំណើរការ EV Station PluZ ទូទាំងប្រទេសហើយ EV Station Pluz នឹងក្លាយជាផ្នែកមួយនៃស្ថានីយ៍ប្រេងឥន្ធនៈ PTT រួមជាមួយនឹងសេវាកម្ម PTT ផ្សេងទៀត។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនបានដំឡើងឧបករណ៍​បញ្ចូលថាមពលយានយន្តអគ្គិសនី ប្រភេទ DC ចំនួន៣គ្រឿងដំបូងដោយជោគជ័យ ក្នុងទីតាំងយុទ្ធសាស្រ្តចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញរួមមាន EV Station PluZ សាខាច្បារអំពៅ EV Station PluZ សាខាព្រែកព្នៅ និង EV Station PluZ សាខាព្រៃកី។

សូមបញ្ជាក់ថា កម្ពុជាជំរុញបន្ថែមទៀត លើការប្រើប្រាស់រថយន្ដអគ្គិសនី។ ពីមួយឆ្នាំទៅមួយឆ្នាំការប្រើប្រាស់រថយន្ដអគ្គិសនី មានការកើនឡើង ដោយសារតែប្រជាពលរដ្ឋចាប់ផ្តើមយល់ពីការប្រើប្រាស់រថយន្ដដើរ ដោយថាមពលអគ្គិសនីនេះ ការប្រើប្រាស់រថយន្ដអគ្គិសនី និងម៉ូតូដើរដោយអគ្គិសនី បានផ្ដល់ផលចំណេញជាច្រើនដូចជា ការបន្ថយពន្ធនាំចូល ការប្រើប្រាស់អគ្គិសនីមានតម្លៃធូរថ្លៃជាង ការប្រើប្រាស់ប្រេងសាំង៕