(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ ត្រៀមរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ដើ​​ម្បីផ្សព្វផ្សាយ ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូល, ការបំពេញទម្រង់លិខិត ប្រកាសពន្ធលើប្រាក់ចំណូល, ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ និងការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់»

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ពេលវេលាម៉ោង០៨នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ។

ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងពង្រឹង ការគោរពប្រតិបត្តិបទប្បញ្ញត្តិ ស្តីពីពន្ធដារ ជំរុញឲ្យអ្នកជាប់ពន្ធ ប្រកាសបង់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ ផ្ដល់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់ ព្រមទាំងបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធកាតព្វកិច្ចសារពើពន្ធ។

ការចូលរួមសិក្ខាសាលានេះ បង្ហាញពីកិច្ចសហការរវាងសហគ្រាស ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងជាកត្តានៃការវាយតម្លៃកម្រិតអនុលោមភាព នៃការគោរពបទប្បញ្ញត្តិស្តីពី ពន្ធដាររបស់សហគ្រាស៕