(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ពិធីរំលឹកខួបទី១១២ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពរសព្វសាធុការពររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្តទៀតថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ នៃសុខសន្តិភាព។ ឧបនាយករដ្ឋមន្ដ្រី បានបន្តថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

បើតាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រី ក៏បានស្នើឲ្យមន្ត្រីរាជការ ក៏ដូចជានារីគ្រប់រូបត្រូវតែ បន្តការសិក្សា រៀនសូត្រ និងស្វែងយល់បន្ថែមទៀត លើបច្ចេកវិទ្យា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍនស្ថាប័ន ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនឡើងឥតឈប់ឈរ និងមានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស៕