(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិភាក្សាតុលមូលស្តីពី «សារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជន នៅកម្ពុជា។

កិច្ចពិភាក្សានេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សុខ ទូត ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងសិក្សានុសិស្សមួយចំនួនផងដែរ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបណ្តុះបណ្តាលវិជ្ជាជីវដើរតួនាទីសំខាន់ខ្លាំងណាស់។ ហើយការធ្វើលើកិច្ចការងារនេះមិនមែនគ្រាន់តែមានក្រសួង ឬស្ថាប័នមួយអាចធ្វើទៅបាននោះទេ។

ជុំវិញចំណុចនេះ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា សម្រាប់នៅបរទេស គឺមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ជូនដល់សិស្សានុសិស្សតាំងពីសិក្សានៅសាលាមកម្ល៉េះ ហើយជំនាញវិជ្ជាជីវៈ ត្រូវតែបណ្តុះនៅក្នុងវិស័យអប់រំ ដើម្បីផ្តល់គ្រឹះរឹងមាំដល់យុវជន។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺមិនអាចយកមនុស្សដែលមានអាយុច្រើនទៅបណ្តុះបណ្តាលនោះទេ គឺត្រូវការបញ្ជ្រាបជំនាញវិជ្ជាជីវៈនេះដល់កុមារ និងយុវជន ឱ្យចេះស្រឡាញ់នូវជំនាញដែលពួកគេពេញចិត្ត។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺមានតាំងពីសម័យសង្គ្រាមរាស្ត្រនិយមម្ល៉េះ ហើយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺមានសារៈសំខាន់ជាងគេ នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ច។ សេដ្ឋកិច្ច និងសង្គមកាន់តែអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈដើរតួនាទីកាន់តែខ្លាំងបំផុត។

លោកបណ្ឌិត យង់​ ពៅ បានបញ្ជាក់ថា កន្លងមកនេះប្រជាពលរដ្ឋ ជាពិសេសយុវជនហាក់មិនសូវយល់តម្លៃពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយពួកគាត់ច្រើនតែផ្លោះរំលង។ សម្រាប់ប្រទេសដែលមានការរីកចម្រើនគឺកាន់តែត្រូវការអ្នកជំនាញវិជ្ជាជីវៈ ដែលបានដើរតួនាទីយ៉ាងសំខាន់។

បើតាមលោក គិត សុភាព អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ មានសិស្សជាង ១១ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយក្នុងនោះមានការបណ្តុះបណ្តាលបណ្ឌិតបច្ចេកវិទ្យាចំនួន ៣១នាក់ផងដែរ។

គួរឱ្យកត់សម្គាល់ផងដែរថា បើទោះបីជាវាគ្មិនកិត្តិយសទាំងអស់បានលើកឡើងពីប្រធានបទផ្សេងៗគ្នាស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី ក៏វាគ្មិនទាំងអស់មានគោលបំណងតែមួយ គឺឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា និងបង្ហាញឱ្យអង្គសិក្ខាសាលាយល់កាន់តែច្បាស់ពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសកាងារល្អ និងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង៕