(ភ្នំពេញ)៖ ទិវាវប្បធម៌ជាតិ លើកទី២៥ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នៅកោះពេជ្រ ដែលមានសិល្បករសិល្បការិនី ប្រមាណ ៤ពាន់ចូលរួម ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ឡុង ប៉ុណ្ណស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ទិវាវប្បធម៌ជាតិ លើកទី២៥ នឹងត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយមរតកខ្មែរទាំងទាំងប្រទេស។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សារសំខាន់ដែលក្រសួងផ្ញើជូនអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងសាធារណៈ គឺការលើកកម្ពស់សកម្មភាពវប្បធម៌»។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបន្ថែមថា តាមពិតទៅទិវាវប្បធម៌ជាតិ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែដោយសារឆ្នាំនេះ កុំឲ្យប៉ះពាល់ដល់ពេលវេលារបស់សិល្បករសិល្បការិនី សម្តេចតេជោ ហ៊ុន សែន ក៏សម្រេចចិត្តធ្វើមុន ១ថ្ងៃ។

សូមជម្រាបថា ថ្ងៃ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ឆ្នាំ២០២៣នេះ ទិវាវប្បធម៌ជាតិ នឹងត្រូវធ្វើឡើងជាលើកទី២៥ ក្រោមប្រធានបទដូចមុនដដែលគឺ «យុវជនដើម្បីវប្បធម៌ជាតិ»។

ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា បានប្រាប់បណ្តាញ Fresh News ថា ជារៀងរាល់ឆ្នាំ សមាគមសិល្បករខ្មែរ ដែលមានសមាជិកប្រមាណ ៧០០នាក់ តែងតែត្រូវបានអញ្ជើញឲ្យចូលរួមប្រារព្ធ ទិវាវប្បធម៌ជាតិ លើកលែងតែពេលអំឡុងកូវីដ១៩ ដែលទិវានេះមិនត្រូវបានរៀបចំ។

លោកស្រីបានបញ្ជាក់ថា ពេលនេះសមាគមកំពុងរៀបចំបណ្ណដល់សមាជិក ក៏ដូចជាត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមទិវាវប្បធម៌ជាតិ លើកទី២៥ ដែលនឹងរៀបចំ នៅថ្ងៃទី២ ខែមីនាស្អែកនេះ។

ថ្ងៃ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកំលាំងកាយ និងកំលាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

អនុវត្តតាមស្មារតីអនុក្រឹត្យលេខ៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសារាចរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ លើកទី២៥ បានឲ្យដឹងថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចក្នុងសារាចរដដែលថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៉ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ លើកទី២៥ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ។

ក្រសួងវប្បធម៌ បានរំពឹងថា យុវជនជំនាន់ក្រោយនឹងទទួលបានចំណេះដឹងបន្ថែមអំពីវប្បធម៌ខ្មែរ នៅពេលដែលអាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន បង្កើតព្រឹត្តិការណ៍វប្បធម៌ផ្ទាល់ខ្លួននានា ឬតាមរយៈបណ្តាញសង្គម ដើម្បីទាក់ទាញពួកគេឲ្យក្លាយជាអ្នកស្រលាញ់វប្បធម៌៕