(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ព្រមទាំងមានការតាំងពិព័រណ៍សៀវភៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រសួងអប់រំបានឲ្យដឹងថា ទិវាជាតិអំណាននេះ ធ្វើឡើងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ក្រសួងនឹងប្រកាសលទ្ធផលជ័យលាភី ផ្នែកអានអត្ថបទស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» និងលទ្ធផលជ័យលាភី ផ្នែកបកស្រាយអក្សរសិល្ប៍ រួមនឹងការធ្វើបាឋកថា ស្រាវជ្រាវ ស្តីពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទ នៃការអប់រំក្នុងសតវត្សទី២១ ដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លើសពីនោះទៀត ព្រមទាំងមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ស្តីពី «សារៈសំខាន់របស់អំណានក្នុងការសិក្សា» ដោយព្រះមុនីកោសល្យ បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន នរវិទូពានរង្វាន់ឆ្នើម ហ៊ូតូអូកា នៃប្រទេសជប៉ុន៕