(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាកាងារជាមួយលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីចំណងមិត្តភាព និងការវិនិយោគមកលើកម្ពុជា នាពេលអនាគត។

លោក គួច ចំរើន បានសម្តែងការស្វាគមន៍ឯកអគ្គរដ្ឋទូតជប៉ុន និងសហការី ដែលបានមកទស្សនកិច្ចខេត្តព្រះសីហនុ នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាជនខេត្តព្រះសីហនុ ក៏ដូចប្រជាជនជប៉ុន រស់នៅខេត្តព្រះសីហនុ។

លោកបន្ដថា ការបង្កើតទំនាក់ទំនងកម្ពុជា-ជប៉ុន បានជួយជ្រុមជ្រែងការងារសន្តិសុខ និងការងារអភិវឌ្ឍ ហើយរាល់ជំនួយជប៉ុនមិនមានការភ័យក្លាច ជប៉ុនបានជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញផ្សេងៗដល់មន្ត្រីរាជការ និងប្រជាជនកម្ពុជា ហើយជប៉ុនបានជួយកម្ពុជា យ៉ាងច្រើននាពេលកន្លងមក។

អភិបាលខេត្ត បានបន្តទៀតថា លោកក៏ធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុន ក្រៅពីនោះក៏មានមន្ត្រីកម្ពុជា បានទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុន ហើយជប៉ុនក៏បានផ្តល់គ្រូជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាបន្តបន្ទាប់ផងដែរ។ ក្រៅពីនេះ ជប៉ុនក៏បានជួយអភិវឌ្ឍសង្គមកម្ពុជាមានដូចជា៖ ហេដ្ឋារចនាសម្ព័ន សាលារៀន ក្នុងនោះមានសាលារៀនចំនួន២៥សាងសង់ នៅក្នុងខេត្តព្រះសីហនុ។

ការងារសុខាភិបាល ជប៉ុនបានជួយជ្រុមជ្រែងជួយសាងសង់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយអង្គការ JICA ហើយនៅមានកិច្ចសហប្រតិបត្តិការ កាន់តែច្រើនបន្ថែមទៀត មានដូចជា ជំនួយសង្គមជារឿងមួយ ក៏ប៉ុន្តែជប៉ុនបានជួយកម្ពុជាលំដាប់លេខ១។

លោកចង់ឃើញការវិនិយោគរបស់ជប៉ុន កាន់តែច្រើនឡើងថែមទៀត នៅខេត្តព្រះសីហនុ ផ្តល់ភាពជាគំរូ ក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍តាមលក្ខណស្តង់ដារ និងជាផលប្រយោជននៃទំនាក់ទំនង
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនោះ រដ្ឋបាលខេត្តព្រះសីហនុ បានលើកទឹកចិត្ត ដល់អ្នកវិនិយោគជប៉ុន មានដូចជាហាងជប៉ុន អ្នកវិនិយោគជប៉ុនកាន់តែច្រើនឡើងថែមទៀត ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

លោក UENO Atsushi បានថ្លែងអំណរគុណលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូរបស់លោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដោយលោកថា កម្ពុជាមានវប្បធម៌ដ៏ល្អសម្បុរបែប ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជាមានភាពល្អប្រសើរ។

លោកក៏បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំដឹកនាំអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនមិន ត្រឹមផ្តល់ជំនួយ មកដល់កម្ពុជានោះទេ គឺជាការជួយគ្នាទៅវិញទៅមកផ្នែកកិច្ចសហប្រតិបត្តិការដោះមីន ជួយបណ្តុះបណ្តាលអ្នកដោះមីនកម្ពុជា និងក្លាយជាដៃគូរឆ្លើយតបទៅនឹងអន្តរជាតិ។

ចំពោះទំនាក់ទំនងសេដ្ចកិច្ចរវាងប្រទេសជប៉ុន និងកំពង់ផែក្រុងព្រះសីហនុ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងគាំទ្រដល់ខេត្តព្រះសីហនុ មានវិស័យអប់រំ សុខាភិបាល ហើយថ្មីៗនេះបានផ្តល់រថយន្តពន្លត់អគ្គិភ័យ ជណ្តើរវែងមករដ្ឋបាលខេត្ត។

ទន្ទឹមនោះ ក៏មានទំនាក់ទំនងធុរកិច្ចជាច្រើន ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន ហើយភាពជោគជ័យនៃក្រុមហ៊ុនផ្សារ AEON កំពុងសាងសង់ឃ្លាំងនៅតំបន់សេដ្ឋកិច្ច កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកថា នឹងនាំយកអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ពិសេសមកខេត្តព្រះសីហនុ និងនៅមានវិស័យជាច្រើនទៀត នៅពេលខាងមុខ៕