(ភ្នំពេញ)៖ រោងចក្រផលិតទឹកស្អាត​«បឹងធំ» ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ​ ​ស្ថិតនៅភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហើយ​ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋចំនួនសង្កាត់​៤សង្កាត់ ដែលចំនួនជាង៣ពាន់គ្រួសារនៅខណ្ឌកំបូល ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ចាប់ពីចុងឆ្នាំ២០២៣នេះតទៅ។

ថ្លែងក្នុងពិធី​បើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាត​«បឹងធំ» កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ ជាគម្រោងសាងសង់រោងចក្រថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយត្រូវបានចាត់ចែងអនុវត្តសាងសង់់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ។

លោកបន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «បឹងធំ» និងប្រព័ន្ធបំពង់ចែកចាយទឹក ​នឹងផ្គត់ផ្គត់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រមាណ៣ពាន់គ្រួសារ រស់នៅសង្កាត់បឹងធំ សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល។

លោកប្រសាសន៍ទៀតថា៖«ដូចដែលយើងបានដឹងស្រាប់ហើយថា តំបន់នេះគឺជាតំបន់ជាយរាជធានីភ្នំពេញ ហើយក៏ជាតំបន់ចុងដែនសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បើពុំមានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជប៉ុន តំបន់នេះពុំទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។»

លោក​ ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន​ឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត​«បឹងធំ »​បានប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង២លានដុល្លារ ដោយទទួលបានពីមូលនិធិបដិភាគជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាចំនួនជាង១លាន៤សែនដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង៩៣ម៉ឺនដុល្លារ។ គម្រោងនេះនឹងប្រើរយៈពេលសាងសង់ពី៧ទៅ៨ខែ ​ដោយនឹងបញ្ចប់នៅខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺចាប់ពីចុងឆ្នាំ២០២៣នេះតទៅ ប្រជាពលរដ្ឋនៅតំបន់នេះ នឹងទទួលបានទឹកស្អាតប្រើប្រាស់ ដោយមិនចាំបាច់រងចាំដល់ឆ្នាំ២០៣០នោះឡើយ។

លោកបានគូសបញ្ជាក់ថា «​តាមពិតទៅ នៅតំបន់នេះដែលមានប្រជាពលរដ្ឋចំនួន៤សង្កាត់ សព្វថ្ងៃនេះមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់ពីរដ្ឋាករទឹកនៅឡើយទេ ដែលតាមការសិក្សាគឺតំបន់នេះ មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់រហូតដល់ឆ្នាំ២០៣០ឯណោះ ។ប៉ុន្តែ ឆ្លងកាត់ការដឹកនាំរបស់ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លោកបានធ្វើការណែនាំជាពិសេសដល់រដ្ឋាករទឹក រកវិធីសាស្រ្តក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ។ ហេតុនេះទើបខ្ញុំបានទំនាក់ទំនង និងសូមថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបានគិតគូរ និងជួយឧបត្ថម្ភលើបញ្ហាកង្វះទឹកស្អាតនេះ​។ដូច្នេះហើយទើបកាលពីខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ លោកបានសម្រេចចិត្តផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់រដ្ឋាករទឹកក្រុងភ្នំពេញ ដើម្បីសាងសង់រោងចក្រនៅទីនេះ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋទាំង៤សង្កាត់នេះដែលមានចំនួន៣០០០គ្រួសារ»។

លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់ការសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំជំហានទី១នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបន្តសិក្សាពី​បរិមាណទឹកស្ទឹងព្រែកត្នោត​ ប្រសិនការបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតបឹងធំនេះ មិនមានបញ្ហា នឹងឈានទៅបន្តសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំជំហានទី២ ដែលមានសមត្ថភាពផលិតទឹក៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត​ ដើម្បីផ្គត់ផ្គង់ដល់នៅពលរដ្ឋនៅខាងត្បូងផ្លូវជាតិលេខ៣ ស្ថិតនៅសង្កាត់ពងទឹកមួយផ្នែក និងសង្កាត់ភ្លើងឆេះរទេះ​៕