(កំពង់ធំ)៖ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដល់អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្ស ពីព្រោះវិស័យអប់រំចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។

លោក ទូច វិសាលសុខ ថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅសាលាគរុកោសល្យខេត្តកំពង់ធំ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

លោកបានផ្ដល់នូវអនុសាសន៍ដល់អង្គសន្និបាតត្រូវពង្រឹង និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ខិតខំកែលម្អបរិស្ថានសាលារៀនតាមរយៈការសាងសង់បង្គន់អនាម័យ សំណង់ទឹកស្អាត បរិក្ខារសិក្សា ធានាបាននូវសុខុមាលភាពយ៉ាងសុខដុមរមនាដល់សិក្សានុសិស្សទាំងអស់។

លោករដ្ឋលេខាធិការសង្កត់ធ្ងន់ថា «ត្រូវរួមគ្នាទប់ស្កាត់អត្រាបោះបង់ការសិក្សារបស់សិស្ស ឲ្យមកនៅកម្រិតទាបបំផុត»

លោកបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន វិស័យអប់រំពិតជាបានរួមចំណែកឈានទៅសម្រេចគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រ ឈានទៅពង្រីកនូវការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានការរីកចម្រើនជាលំដាប់ ចាប់ពីទីក្រុង ទីប្រជុំជនទៅដល់ទីជនបទដាច់ស្រយាល។

លោក ទូច វិសាលសុខ ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា នាយកសាលា លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាពាក់ព័ន្ធត្រូវមានស្មារតីរួមសហការគ្នា ទម្លាប់ធ្វើការជាមួយគ្នាបណ្ដុះស្មារតី ដើម្បីសហការគ្នាជាធ្លុងសាមគ្គីជាតិ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំប្រកបដោយនិរន្តរភាព៕