(ភ្នំពេញ)៖ លោក ហេង សំណាង តំណាងយុវជនសង្គមស៊ីវិល បានចេញញត្តិគាំទ្រសាលក្រមតុលាការ ក្នុងការផ្តន្ទាទោស លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយចាត់ទុកថាជាការបង្ការកុំឱ្យកើតមានភ្លើងសង្គ្រាម។

តាមរយៈញត្តិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្វីដែលប្រពលរដ្ឋកម្ពុជាត្រូវការបំផុតក្នុងពេលបច្ចុប្បន្ននេះគឺ សន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងមិនត្រូវការមានជនណាម្នាក់ប្រព្រឹត្តបទល្មើសដែលអាច បង្កឲ្យប៉ះពាល់ដល់ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនោះទេ។ ការធ្វើនយោបាយញុះញង់ឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងរណ្តៅ សង្គ្រាមសារជាថ្មីនោះ យើងសូមប្រឆាំងជាដាច់ខាត។

យុវជនសង្គមស៊ីវិល បានលើកឡើងថា រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះបានកំពុងខិតខំអភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំង ដូចនេះកម្ពុជាត្រូវការពេលវេលាសម្រាប់ស្តារនូវសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សន្តិភាព និងគោលនយោបាយឈ្នះៗ ជាកត្តាសំខាន់ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចង់បាន។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ គតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានខិតខំព្យាយាមបង្រួបបង្រួមអ្នកនយោបាយឲ្យ រួបរួមគ្នាជាធ្លុងមួយក្នុងការអភិវឌ្ឍជាតិ។ ប៉ុន្តែផ្ទុយទៅវិញសកម្មភាពណាមួយដែលនាំឲ្យអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវ តែនាំគ្នាចូលរួម ការពារទាំងអស់គ្នា ព្រោះវាជាករណីកិច្ចក្នុងនាមយើងជាម្ចាស់ជោគវាសនានៃប្រទេសជាតិ។

យុវជនសង្គមស៊ីវិល អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្ររាល់ចំណាត់ការ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីកាត់ទោស លោក កឹម សុខា ដើម្បីគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្ការកុំឱ្យកើតមានភ្លើងសង្គ្រាម ហើយក៏ជាសារដ៏ល្អសម្រាប់មេដឹកនាំប្រឆាំង ឬអ្នកនយោបាយប្រឆាំងផ្សេងៗទៀត កុំឱ្យធ្វើ សកម្មភាពបដិវត្តន៍ ណាមួយដោយចេតនាក្នុងរូបភាពផ្សេងៗ ដែលបង្ករគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល៕