(រតនគិរី)៖ លោក វ៉ាន់ សោភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកវ៉ឺនសៃ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូន សមាជិក សមាជិកា នៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី។

ពិធិផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកវ៉ើនសៃ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកស្រុកវ៉ឺនសៃ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក វ៉ាន់ សោភា បានលើកឡើងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា សម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឲ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកបន្តថា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកិច្ចការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ សមិទ្ធផលទាំងនេះ អាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុត គឺសន្តិភាព ហើយសម្តេចតែងតែយកចិត្តទុកដាក់ខ្លាំងចំពោះសុខទុក្ខ និងជីវភាព សុខភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។

លោក វ៉ាន់ សោភា បានស្នើឲ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រលាញ់គ្នាឲ្យបានច្រើន។ បន្ថែមលើនេះទៀត លោកក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់។

លោកក៏បានប្រកាសគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបន្តគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕