(ភ្នំពេញ)៖ គណបក្សរស្មីខេមរា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្នុងការកាត់ទោស លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិពីបទសន្និដ្ឋិភាពជាមួយបរទេស។

គណបក្សនេះបានចាត់ទុកថា ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោស កឹម សុខា ខាងលើនេះ គឺពិតជាបានរួម ចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាហើយ នេះក៏ជាមេរៀនសម្រាប់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្ដមគតិស្នេហាជាតិ ស្មោះត្រង់ ចំពោះជាតិ មិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្ដែតបណ្ដោយខ្លួនឱ្យក្លាយជាភ្នាក់ងារបម្រើឱ្យ បរទេសដើម្បីតែផលប្រយោជន៍ និងមហិច្ឆិតាអំណាចរបស់ខ្លួន ។

គណបក្សនេះបានបញ្ជាក់ទៀតថា៖ ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា យើងខ្ញុំសូម ប្តេជ្ញា និងប្រកាសរួមចំណែកការពារដាច់ខាតនូវសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជាទាំងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសាលក្រមកាត់ទោស លោក កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដាក់ពន្ធនាគារ២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ៕