(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ សុទ្ធ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិបាក់ក ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានជំងឺត្បៀតប្រើសបេះដូង ហើយធ្លាប់បានទទួលការវះកាត់ម្ដងរួចហើយកាលពី៦ឆ្នាំមុន ប៉ុន្តែអាការៈរោគមិនទាន់ជាសះស្បើយបានល្អឡើយ ទើបវេជ្ជបណ្ឌិតផ្នែកជំងឺបេះដូង តម្រូវឲ្យធ្វើការវះកាត់ម្ដងទៀត គ្រាដែលគាត់មិនមានលទ្ធភាពគ្រប់គ្រាន់នោះឡើយ។

ដោយមានការសម្របសម្រួលពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបានទទួលការវះកាត់ជំងឺត្បៀតប្រើសបេះដូង ដោយឥតគិតថ្លៃជូនដល់ស្ដ្រីឈ្មោះ សុទ្ធ ស្រីមុំ ឲ្យបានជាសះស្បើយឡើងវិញសារជាថ្មីម្ដងទៀត។

ក្រោយពីទទួលបានការវះកាត់ដោយជោគជ័យ ស្ដ្រីវ័យ៣២ឆ្នាំរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបានជួយសម្របសម្រួល ព្រមទាំងជួយវះកាត់ និងព្យាបាលជំងឺនេះជូនគាត់ បានជាសះស្បើយរស់រានមានជីវិតសារជាថ្មីម្ដងទៀត ដើម្បីមានឱកាសបន្ដជបជុំជាកូន ចៅ ប្ដី ឪពុក ម្ដាយ និងសាច់ញាតិឡើងវិញ។

បន្ថែមពីនេះ ស្ដ្រី សុទ្ធ ស្រីមុំ និងក្រុមគ្រួសារ សូមជូនពរដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ព្រមទាំងសហការីទាំងអស់ សូមប្រកបតែមានសុខភាពល្អ អាយុយ៉ឺនយូរ និងជួបតែសេចក្ដីសុខគ្រប់បែបយ៉ាង៕