(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នា ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អ៊ឹង រ៉ាដា ជំនួយការខុទ្ទកាល័យក្រសួងសុខាភិបាល តំណាងស្ដ្រីនៅក្នុងក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែតជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ បានថ្លែងសំណេះសំណាលដោយភាពកក់ក្ដៅ និងស្នាមញញឹម ពិសេសផ្ដល់ឱកាសដល់ស្ដ្រីៗជាបុគ្គល បង្ហាញនូវមតិអារម្មណ៍នៃការយល់ឃើញពីតម្លៃស្ដ្រី ដោយបង្កើតឱ្យកម្មវិធីខាងលើនេះកាន់តែសប្បាយរីករាយ។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ បានថ្លែងឱ្យដឹងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នា ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ពិតជាឆ្លុះបញ្ចាំងឱ្យឃើញលទ្ធផលជាក់ស្តែងតាមរយៈយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ចាប់តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤នេះ ដែលកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ហើយបន្តឈោងចាប់យកឱកាសទាញយកបច្ចេកវិទ្យាថ្មីៗ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។

ជាពិសេសជំនះផលវិបាកនានាពីបដិវត្តន៍ឧស្សាហកម្មទី៤ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងមានការទទួលស្គាល់ពីបណ្តាប្រទេសនានាលើសកលលោក ជាប្រទេសដែលមានសន្តិភាពរឹងមាំ និងពេញលេញ ដែលសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នារបស់ប្រជាជាតិទាំងមូល ដោយស្មើភាពទាំងបុរស និងស្ត្រី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋ។

លោកអគ្គនាយកមន្ទីរពេទ្យបានគូសបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តដល់នារីៗគ្រប់រូប ដែលកំពុងបំពេញការងារនៅក្នុងមន្ទីរពេទ្យ សូមបន្តចូលរួមក្នុងកិច្ចការនានាគ្រប់ឋានានុក្រមទាំងកិច្ចការវេជ្ជសាស្ត្រ កិច្ចការងារថែទាំ ការងាររដ្ឋបាល និងបរិស្ថាន ព្រោះស្ត្រីគឺជាដៃគូសហការដ៏សំខាន់ដែលពុំអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតរបស់មន្ទីរពេទ្យ ក៏ដូចជាវិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល»

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កម្ពុជាបានសម្រេចយ៉ាងជោគជ័យក្នុងវិស័យសុខាភិបាល ដោយអនុញ្ញាតិឱ្យមានការចូលរួមពីស្ដ្រី ក្នុងការបំពេញការងារគ្រប់តួនាទី។ ជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ចំនួនស្ដ្រីមានរហូតដល់ ១,០៦១នាក់ ស្មើនឹង៥៤.៧១%នៃមន្ដ្រីបុគ្គលិកសរុប១,៩៣៩នាក់ ។នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការនារីនៃមន្ទីរពេទ្យកាល់ម៉ែត៕