(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោស លោក កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទ ឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

គណបក្សខ្មែរតែមួយ បានចាត់ទុកថា ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់តាមរយៈការផ្តន្ទាទោសឈ្មោះ កឹម សុខា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមជូនប្រជាពលរដ្ឋខ្មែរ។ សាលក្រមនេះអាចធ្វើជាមេរៀនសម្រាប់ អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ដែលមាននិន្នាការបរទេសជ្រុលនិយម ដើម្បីផលប្រយោជន៍ និងមហិច្ឆិតា អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

គណបក្សខ្មែរតែមួយ បានប្រាកសគាំទ្រការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម នៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ គណបក្សខ្មែរតែមួយសូមប្រឆាំងដាច់ខាតរាល់ការ ប៉ុនប៉ងប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបរទេសនិយមធ្វើជាលេសដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ ដែលបានកើតឡើងតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងអាណត្តិនីមួយៗ។ ការ បណ្តុះគំនិតបដិវត្តពណ៌ គឺជាការគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិសុខជាតិ ស្ថិរភាព សង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

គណបកខ្មែរតែមួយ សូមប្រកាសចូលរួមចំណែកការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបន្តការ គាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការអនុវត្តតាម ច្បាប់គណបក្សនយោបាយនៅកម្ពុជា៕