(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីខូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ពិធីនេះក៏មានការអញ្ជើញអមដំណើរពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមួយចំនួន ស្ថិតនៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ភរិយាខ្ញុំ និងរូបខ្ញុំ បានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយជាទីបំផុតដោយវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំនៅតំបន់ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី បានពលីដោយជំងឺសួតធ្ងន់ធ្ងរ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០ ម៉ោងនៅម៉ាលី។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការបាត់បង់រូបវរសេនីយ៍ទោ ភឿក ជីវ័ន្ត គឺជាការបាត់បង់យោធិនមួយរូប ដែលបានលះបង់កម្លាំង កាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌។ ក្នុងក្របខណ្ឌនៃការបំពេញបេសកកម្ម, វរសេនីយ៍ទោ ភឿក ជីវ័ន្ត បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយសជាតិ មាតុភូមិ ក៏ដូចជា កងយោធពលខេមរភូមិន្ទ លើឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ភរិយា និងរូបខ្ញុំ សូមចូលរួមរំលែកនូវសេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី និងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមបួងសួងដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់រក្សាដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»

ព្រមជាមួយនឹងសាររំលែកមរណទុក្ខរបស់សម្តេចជោ ហ៊ុន សែន, ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងនូវការសោកស្តាយដ៏ក្រៀមក្រំបំផុតដល់គ្រួសារសព ចំពោះមរណភាពរបស់វរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធាររដ្ឋម៉ាលី។ ការបាត់បង់វរសេនីយ៍ទោ ភឿក ជីវ័ន្ត គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូបសម្រាប់កម្ពុជា ក៏ដូចជាក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងមូល។

លោកស្រី វង្ស ស្រីទូច និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារ និងពាក្យពេចន៍រំលែកទុក្ខ និងចូលបុណ្យសពជាមួយក្រុមគ្រួសារលោកស្រី ចំពោះមរណភាពស្វាមី។ ទឹកចិត្ត និងកាយវិការដ៏មានអត្ថន័យជ្រាលជ្រៅនេះ ពិតជាបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាស្រឡាញ់ ក្រុមគ្រួសារលោកស្រី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

សូមជម្រាបថា សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម និងបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅវេលារំលងអធ្រាត ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako បានរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួមពីសំណាក់តំណាងពិសេស អគ្គលេខាធិការ អ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់ អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។ គិតមកដល់ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១១រូបហើយ។

សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ត្រូវបានតម្លើងឋានន្តរស័ក្តិ ជាកិច្ចមច្ឆាមរណៈ ថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។ ពិធីបុណ្យសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ក៏មានការអញ្ជើញគោរពវិញ្ញាណក្ខន្ធពីសំណាក់តំណាងអ្នកសម្របរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងអនុព័ន្ធយោធាប្រទេសជាមិត្ត, ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន និងកងឯកភាពទ័ពជាង ៣១អង្គភាព៕