(កំពង់ចាម)៖ លោក មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន រួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទបានប្រារព្ធពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធផលនានានៅវត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ ស្ថិតនៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមីនា។

នាឱកាសពិធីបុណ្យនោះ លោក មុត ខៀវ ក៏បានឆ្លៀតពេលថ្លែងអប់រំផ្សព្វផ្សាយពីគុណតម្លៃសន្តិភាព និងសមិទ្ធផលទាំងអស់ដែលកម្ពុជាមានក្នុងពេលបច្ចុប្បន្ន។

លោកទីប្រឹក្សាអះអាងថា សមិទ្ធផលទាំងនេះគឺកើតចេញពីការដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីប្ដូរយកជីវិតប្រជាជនកម្ពុជារាប់លាននាក់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះគឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជាយើងទាំងអស់ ត្រូវតែចងចាំ គឺនៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តជាសហការីចំនួនបួនរូប បានភៀសខ្លួនចូលទៅប្រទេសវៀតណាម ដោយឆ្លងកាត់ចម្ការមីនដ៏គ្រោះថ្នាក់បំផុត និងឆ្លងកាត់ព្រំដែនដោយមិនខ្លាចការបាត់បង់ជីវិត ដើម្បីបង្កើតចលនាតស៊ូរំដោះជាតិ។ បន្ទាប់មកបានបង្កើតឡើងនូវរណសិរ្សសាមគ្គី សង្គ្រោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានវាយរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហមនៅថ្ងៃ ៧ មករា ១៩៧៩ នេះជាសច្ចភាពប្រវត្តិសាស្ត្រមួយ ដែលមិនអាចបំភ្លេចបាននោះទេ។

លោកបានបន្តថា ការយកជីវិតធ្វើជាដើមទុនដ៏គ្រោះថ្នាក់បំផុតក្នុងឋានៈជានាយករដ្ឋមន្តី គឺការធ្វើដំណើរចូលទៅក្នុងតំបន់ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល ព្រឹត្តការណ៍នេះក៏ត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាទិវានៃនយោបាយឈ្នះ-ឈ្នះ ហើយឆ្នាំនេះក៏ជាខួបទី២៣ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកននយោបាយឈ្នះ-ឈ្នះបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិដែលមិនធ្លាប់មាននៅកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមកនេះ។ នៅក្នុងបុព្វហេតុជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់សង្គ្រាម១០៥លើក និងត្រូវរងរបួស៥ដង និងពិការភ្នែកម្ខាង តែសម្តេចតេជោ ហ៊ុន សែន បាននាំត្រឡប់មកវិញនូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាពជូនជាតិ មាតុភូមិដ៏កម្សត់មួយនេះ។ យើងអាចនិយាយបានថា បើគ្មានសម្តេចតេជោ ហ៊ុន សែន គឺគ្មានសុខសន្តិភាព និងការអភិវឌ្ឍនោះទេ។

លោក មុត ខៀវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹៈដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតឲ្យកាន់តែមានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ខឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុចដឹកនាំ។

លោកបានបន្តទៀតថា ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្តិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា ចាប់តាំងពីពេលបច្ចុប្បន្នរហូតនេះ រហូតដល់ថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោកទីប្រឹក្សាផ្ទាល់ក៏បានលើកឡើងពីជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ការនាំយកវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋ ការដំណើរការបើកប្រទេសនិងសេដ្ឋកិច្ចឡើងវិញ និងឈានទៅធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រកបដោយមោទនភាពជាតិខ្ពង់ខ្ពស់បំផុត និងល្បីរន្ទឺលើឆាកអន្តរជាតិ។

លោក មុត ខៀវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែដឹងគុណចំពោះអ្នកមានគុណរបស់យើង គឺសម្តេចតេជោ ហ៊ុន សែន ហើយការតបស្នងគុណរបស់យើង គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

លោកបន្តលើកឡើងពីសភាពការណ៍ថ្មីក្នុងប្រទេសកម្ពុជា ពិសេសទាក់ទិនទៅនិងសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌យ៉ាងពេញលេញចំពោះប្រទេស និងប្រជាជនកម្ពុជា។

បើតាមលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ វត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ គឺជាទីអារាមមួយដែលបានកសាងឡើងកាលពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុចប្បន្ននេះ ឆ្លងកាត់ព្រះគ្រូចៅអធិការចំនួន៦ព្រះអង្គ។ ព្រះវិហារវត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ ធ្លាប់ត្រូវបានសម្តេចតេជោអញ្ជើញធ្វើបុណ្យបញ្ចុះខណ្ឌសីមា កាលពីអំឡុងទសវត្សឆ្នាំ១៩៩០។

លោក មុត ខឿវ ថែមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២២លាន២សែន៦ម៉ឺនរៀន ក្នុងនោះបានមកពីការចូលរួមរបស់លោក មុត ខឿវ និងលោកស្រីចំនួន ៤លានរៀល លោក យឹម លុច និងលោកស្រី ១លានរៀល លោក ជា ប៊ុនថន និងលោកស្រី ចាន់ ថុល រស់នៅសហរដ្ឋអាមេរិក ថវិកា១លានរៀល រួមទាំងសប្បុរសជនដែលចូលរួមតាមរយៈលោក ហ៊ុន ម៉ានិត
ជូនដល់សាលាស្រុកចំការលើ សាលាឃុំជយោ អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ផ្នែកប្រតិបត្តិការសឹករងស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្រ្តីរៀបចំពិធី នាយកសាលា លោកគ្រូអ្នកគ្រូ យុវជន ស.ស.យ.ក សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ប្រជាការពារភូមិ លោកតាលោកយាយ សិស្សានុសិស្ស ក្រុមរបាំជូនពរ និងក្រុមគ្រូពេទ្យប្រចាំពិធី៨នាក់។ ជាមួយគ្នានេះ លោកបានប្រគេនបច្ច័យបានមកពីការចូលរួមពីលោក ហ៊ុន ម៉ានិត និងលោកស្រី ព្រមទាំងសប្បុរសជននានាប្រមាណ១ម៉ឺនដុល្លារ ដើម្បីជួយកសាងសមិទ្ធផលនានាក្នុងវត្តពោធិសុវណ្ណារាមនេះ៕