(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមសម្តែងនូវការប្រកាសគាំទ្រពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចកាត់ក្តីផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំក្នុងសំណុំរឿងជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឫបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិដ៏ធ្ងន់ធ្ងរ ស្របតាមបញ្ញត្តិ មាត្រា៤៣៩ និងមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អំពើឃុបឃិតជាលក្ខណៈប្រព័ន្ធ ក្បត់ជាតិសាសន៍ឯង ក្រោមលេសការលើកកម្ពស់លទ្ធិប្រជាធិប្បតេយ្យ ការតវ៉ាអហិង្សា និងការគោរពសិទ្ធិមនុស្ស ប៉ុន្តែបានបង្កប់នូវចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈចលនាបដិវវត្តន៍ពណ៌ម្ដងហើយម្ដងទៀត ជាពិសេសអំពើហិង្សា ប្រទូសរ៉ាយ កុបកម្ម និងភាពអសន្តិសុខសង្គម ក្នុងកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ កន្លងទៅ គឺជាសក្ខីកម្មផ្លូវច្បាប់បង្ហាញច្បាស់ក្រឡែតពីអំពើក្បត់ជាតិដ៏ខ្មៅងងិត ដែលនឹងអាចនាំឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា ផុងជ្រៅទៅក្នុងភាពចលាចលវឹកវរ វិទ្ធង្សនាសង្គម សកម្មភាពបះបោរ កុបកម្ម ឫអាចឈានទៅរកសង្គ្រាមស៉ីវិលផ្ទៃក្នុងប្រទេស ដូចបណ្ដាប្រទេសមួយចំនួនថែមទៀតផង ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលាចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពនោះទេ។

សាលក្រមផ្ដន្ទាទោសទណ្ឌិត កឹម សុខា នាពេលនេះ គឺជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្ដរបស់ប្រជាជនកម្ពុជា ហើយក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា មិនត្រូវបណ្ដែតបណ្ដោយខ្លួនឲ្យក្លាយជាភ្នាក់ងារបម្រើនយោបាយបរទេស ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ជាតិសានា ព្រះមហាក្សត្រ និងរួមដៃបំផ្លិចបំផ្លាញជាតិសាសន៍ឯង ដើម្បីតែផលប្រយោជន៍ ឫមហិច្ចតាអំណាចផ្ទាល់ខ្លួនដូច្នេះឡើយ។

ជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះសាលក្រមផ្ដន្ទាទោសទណ្ឌិត កឹម សុខា និងចំណាត់ការទាំងឡាយចំពោះទណ្ឌិតនេះ និងបក្ខពួក ដើម្បីធានាបាននូវឧត្តមប្រយោជន៍ជាតិ ការពារធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ជាពិសេសគោលការណ៍អធិបតេយ្យភាពជាតិដែលមិនអាចរំលោភបំពានបាន។ យើងខ្ញុំទាំងអស់គ្នា បានត្រៀមខ្លួនរួចស្រេច និងសូមធ្វើការប្ដាជ្ញាចិត្តយ៉ាងមុតមាំ ធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឲ្យជនណាមួយ ឫក្រុមណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ៕