(ភ្នំពេញ)៖ ថ្នាក់សិក្សាអំពីការថតថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បានបញ្ចប់ទៅដោយជោគជ័យ ហើយបានប្រគលនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមប្រមាណ៥០នាក់ នៅថ្ងៃទៅ០៤ ខែមីនា ឆ្នាំ២០២៣។

ពិធីប្រគល់វិញ្ញាបនបត្រនេះ ធ្វើឲ្យដោយមានការរួមផ្ដល់កិត្តិយសពី លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកនៃ អង្គភាពព័ត៌មាន Fresh News ព្រមជាមួយលោក ហេង ស៊ីនិត្យ ដែលជាគ្រូបង្គោលក្នុងការបង្ហាត់បង្រៀននៃថ្នាក់ថតរូបនេះផ្ទាល់តែម្ដង។

កញ្ញា ម៉ៅ ស្រីណុច្ស ដែលជាសិក្ខាកាមនារីមួយរូប បានបង្ហាញចំណាប់អារម្មណ៍ចំពោះការសិក្សាយ៉ាងដូច្នេះថា៖ «បន្ទាប់ពីបានបញ្ចប់ការសិក្សារួចមកខ្ញុំបានដឹងនូវមូលដ្ឋានសំខាន់ៗចំនួន៣ នៅក្នុងការថតរូប ដោយនៅក្នុងនោះមានដូចជា ISO ការកំណត់ ISO ការកំណត់ Shutter Speed និង ការកំណត់ Aperture។ អីចឹងពាក់ព័ន្ធនិងការថតរូប ហើយយើងយល់ដឹងច្បាស់អំពីចំណុចសំខាន់៣ហ្នឹង គឺយើងមានភាពងាយស្រួលនៅក្នុងការកំណត់លើការមេរ៉ា ថាតើពេលដែលយើងទៅថតនៅក្រៅ យើងត្រូវសារ៉េបែបណា ហើយពេលដែលយើងថតនៅខាងក្នុង ត្រូវសារ៉េពន្លឺបែបណាជាដើម»

ចំណែកឯលោក គឹម ចាន់រ៉ូហ្សា ក៏បានបង្ហាញនូវការពេញចិត្តចំពោះថ្នាក់បណ្ដុះបណ្ដាលនេះផងដែរ ដោយអ្វីដែលលោកចាប់អារម្មណ៍នោះគឺ បានទទួលការយកចិត្តទុក្ខដាក់បង្រៀនពីគ្រូជំនាញ ដែលមានបទពិសោធន៍ច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះគឺ យល់ដឹងអំពីវិជ្ជាជីវៈនៃការថតរូប នៅក្នុងវិស័យព័ត៌មាន ដែលមិនមែនគ្រាន់តែថតនោះឡើយ។

លោក គឹម ចាន់រ៉ូហ្សា៖ «ចំពោះវគ្គនេះអ្វីដែលយើងរំពឹងអ្វីដែលយើងទទួលយក គឺអាចទទួលយកបាន នោះគឺការថតរូបដោយវិជ្ជាជីវៈ ដែលយើងដឹងហលយថា កន្លងមក រាជរដ្ឋាភិបាលតែងតែអំពាវនាវឲ្យមានការសិក្សាជាមុនសិន មិនថាជាវគ្គខ្លីក៏ដោយ ដើម្បីកុំឲ្យប្រាស់ចាកនិងវិជ្ជាជីវៈអ្នកសាព័ត៌មាន»

ក្រៅតែពេញចិត្តចំពោះការបណ្ដុះបណ្ដាលនេះហើយ លោករ៉ូហ្សា ក៏លើកទឹកចិត្តដល់អ្នកដែលកំពុងពិចារក្នុងការចូលរៀននៅមជ្ឈមណ្ឌល FTC ជាពិសេសនៅក្នុងថ្នាក់ថតរូបផ្ទាល់តែម្ដង ដោយលោកបានលើកឡើងថា ការផ្ដលឲ្យក្នុងម៉ោងសិក្សារបស់ FTC ក៏លើសតែពីការបង្រៀនថតរូប ប៉ុន្តែបន្ថែមទៅលើវិជ្ជាជីវៈ ដែលជាផ្នែកមួយដ៏សំខាន់ផងដែរ។

លោក គឹម ចាន់រ៉ូហ្សា លើកឡើងយ៉ាងដូច្នេះ៖ «ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ ហើយចង់ចូលរៀនថ្នាក់ថតរូបគឺអាចចូលរៀនជាមួយ Fresh News បានអារម្មណ៍ក៏ដូចជាបទពិសោធន៍គឺយើងទទួលបានខុសគ្នា ជាមួយហ្នឹងបណ្ដាលសាលាដទៃទៀត។ ព្រោះវគ្គបណ្ដុះបណ្ដាលរបស់ Fresh News ទៅលើសាព័ត៌មាននេះគឺ ផ្តោតសំខាន់ទៅលើការថតរូបបែបសារព័ត៌មាន អីចឹងការថតរូបបែបសារព័ត៌មានគឺខុសគ្នាជាមួយការថតរូបបែបធម្មតា។ ខុសគ្នាត្រង់ទី១យើងយល់ពីវិជ្ជាជីវៈ ហើយវិជ្ជាជីវៈមួយម៉ាត់គឺធំណាស់ ដោយនៅក្នុងនោះមាន ច្បាប់ ការប្រើប្រាស់រូប ប្លង់នៃការថតរូប យើងយល់ពីរូបភាពធម្មជាតិព្រោះរូបភាពព័ត៌មានគឺជារូបភាពដែលមិនមានការកាត់ត ឬការកែរអ្វីឡើយ។

បន្ថែមពីលើនេះដែរលោក គឹម ចាន់រ៉ូហ្សា ក៏បានអំពាវនាវឲ្យ FTC និងបណ្ដាស្ថាបនដទៃទៀត បង្កើតវគ្គបណ្ដុះបណ្ដាលអំពីវិជ្ជាជីវៈសាព័ត៌មានឲ្យបានច្រើន ដើម្បីឲ្យអ្នកដែលបំពេញការងារលើវិស័យនេះ បានយល់ដឹងកាន់តែច្រើនអំពីសិទ្ធិ សេរីភាព និងការអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ។

សូមបញ្ជាក់ផងដែរថា ថ្នាក់សិក្សាជំនាញថតរូបវគ្គ១នេះ មានការសិក្សារយៈពេល៣ខែ ខណៈដែលថ្នាក់សិក្សាថ្មីវគ្គ២ អំពីការថតរូបក្នុងវិជ្ជាជីរៈអ្នកសារព័ត៌មាននេះដដែលនេះ ចាប់ផ្ដើមចុះឈ្មោះចូលរៀនពីពេលនេះតទៅ ហើយចូលរៀននៅថ្ងៃទី០១ ខែមេសា ខាងមុខនេះ៕