(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុង កងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រទាំងស្រុងចំពោះ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ តាមមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈញត្តិគាំទ្រ ដែលចេញដោយ អ្នកនាំពាក្យក្រសួងការងារជាតិ បានបញ្ជាក់ថាឱ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារឱ្យរាជរដ្ឋាភិបាលស្របច្បាប់ សន្តិភាព ស្ថិរភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត នាំទៅដល់ ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា»

សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ៕