(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុក បានចាត់ទុកថា ការចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៦០រូប នៃគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នាក់ការគណបក្សឃុំកំពង់ថ្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។

លោកស្រីបានបន្ដថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើន ជាមួយប្រជាជនកម្ពុជារហូតមក ហើយក៏បន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

លោកស្រីបានបន្ថែមថា «ការចូលរួមបស់សមាជិក សមាជិកានាពេលនេះ បានផ្តល់នូវយុត្តិធម៌ ជំនឿ និងការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ដោយសារទឹកចិត្ត ឆន្ទៈ និងសកម្មភាពនេះ ជាប្រភពកម្លាំងដ៏ធំធេង ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យ។

លោកស្រីបានបញ្ជាក់ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ ត្រូវបានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅ ក្នុងសង្គមជាតិ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង ដោយជោគជ័យ រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះកិត្យានុភាព របស់កម្ពុជាកាន់តែបានលើកកម្ពស់ លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យ។

លោកស្រីបណ្ឌិត ជា សិរី បានប្រគល់ផ្ទះចំនួន២ខ្នងជូន ដល់ប្រជាជន២ គ្រួសារមានកាខ្វះខាតរស់នៅភូមិឈើទាល់ ក្នុងឃុំកំពង់ថ្មផងដែរ៕