(ភ្នំពេញ)៖ មូលនិធិរក្សាកុមារ ប្រារព្ធទិវាការស្ដាប់ឮកម្ពុជា លើកទី៦ ក្រោមប្រធានបទ «ចូរថែទាំត្រចៀក និងការស្តាប់ឮ ដើម្បីទាំងអស់គ្នា» ដើម្បីបង្ហាញពីសារៈសំខាន់នៃការបញ្ជ្រាបការថែទាំត្រចៀក និងការស្តាប់ឮ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។

ទិវាស្ដាប់ឮកម្ពុជាលើកទី៦ធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារ, លោកស្រីអ៊ឹង កន្ថាផាវី សហស្ថាបនិកមូលនិធិរក្សាកុមារ,លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ, លោក ឈឹម គឹមហ៊ាន ស្ថាបនិកអង្គការហូបកម្ពុជា។

លោកស្រី ជា សិរី បានថ្លែថា ឆ្នាំ២០២៣នេះជាទិវាការស្ដាប់ឮកម្ពុជាលើកទី៦ ប្រារព្ធឡើងក្រោមប្រធានបទ
«ចូរថែទាំត្រចៀក និងការស្តាប់ឮ ដើម្បីទាំងអស់គ្នា» ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់ នៃការបញ្ជ្រាបការថែទាំត្រចៀក និងការស្តាប់ឮ នៅក្នុងការថែទាំសុខភាពបឋម ដែលជាធាតុចាំបាច់នៃសុខភាពសកល។

លោកស្រីបណ្ឌិតបានថ្លែងថា បញ្ហាសុខភាពត្រចៀក និងការស្ដាប់ឮ ជាបញ្ហាសាមញ្ញបំផុតដែលតែងតែជួបប្រទះនៅតាមសហគមន៍ ដោយច្រើនជាង៦០ភាគរយ ត្រូវបានកំនត់អត្តសញ្ញាណ និងបានធ្វើអន្តរាគមន៍ នៅកម្រិតការថែទាំ ហើយការបញ្ជ្រាបការថែទាំត្រចៀក និងការស្ដាប់ឮ ក្នុងសេវាកម្មថែទាំសុខភាពបឋម ពឹងផ្អែកលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាព នៅកម្រិតដំបូងនេះ ក្នុងនោះប្រជាពលរដ្ឋនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រមទាំងជួយប្រទេសឆ្ពោះទៅសម្រេចគោលដៅ នៃការថែទាំសុខភាពជាសកល។

លោកស្រីបណ្ឌិតបានបន្ដថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ប្រជាជនច្រើនជាង១.៥ ពាន់លាននាក់ ទទួលរងការបាត់បង់ការស្ដាប់ឮ ក្នុងចំណោមនោះមាន១នាក់ ក្នុងចំណោម៣នាក់ ត្រូវការការថែទាំការស្តាប់ឮ
ហើយចំនួន៨០ភាគរយ រស់នៅបណ្តាប្រទេសមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យម។

បើយោងតាមទិន្នន័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រជាជនចំនួន៤០១លាននាក់រស់នៅក្នុងតំបន់ បានបាត់បង់ការស្ដាប់ឮ ហើយនៅត្រឹមឆ្នាំ២០៥០ នឹងមានប្រជាជនចំនួន៦៦៦លាននាក់ ប្រឈមនឹងការបាត់បង់ការស្តាប់ឮ ក្នុងចំណោមនោះ ជនមានពិការភាពបាត់បង់ការស្ដាប់ឮ ជិត៨០ភាគរយ រស់នៅតាមបណ្តាប្រទេសមានប្រាក់ចំនូលទាប និងប្រាក់ចំនូលមធ្យម ហើយភាគច្រើនបំផុត មិនបានទទួលសេវាកម្មពិនិត្យ និងព្យាបាលឡើយ។

លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា តាមទិន្នន័យនៃអង្គការសុខភាពពិភពលោកបានបង្ហាញថា ការបាត់បង់ការស្ដាប់ឮកាន់តែកើនឡើងប្រទេសកម្ពុជា ត្រូវតែធ្វើសកម្មភាពពីឥឡូវនេះ ដើម្បីផ្ដល់ការទទួលបានសេវាថែទាំត្រចៀក និងការស្តាប់ឮ សម្រាប់ទាំងអស់គ្នា ព្រមទាំងមានសកម្មភាពលើការថែទាំសមស្របជាទៀងទាត់ ដើម្បីធានាថា អ្នកជម្ងឺត្រចៀក និងជនមានពិការភាពបាត់បង់ការស្ដាប់ឮ អាចសម្រេចបាននូវសក្តានុពលរបស់ខ្លួនបានពេញលេញដោយទទួលបានថ្នាំពេទ្យ និងការវះកាត់, ឧបករណ៍ជំនួយសម្លេង និងខ្យងសម្លេងសិប្បនិម្មិត, ការព្យាបាល បែបស្ដារលទ្ធភាពពលកម្ម, សេវាកម្មភាសាសញ្ញា, បច្ចេកវិទ្យាជំនួយការស្ដាប់ឮ និងសេវាកម្មមានអក្សររត់
លើអេក្រង់។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ការបង្កើនល្បឿនការអនុវត្តន៍ និងវិនិយោគលើការថែទាំត្រចៀក និងការស្ដាប់ឮ ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០រួមមាន៖
គោលដៅទី១៖ បង្កើនការពិនិត្យ និងការស្ដាប់ឮដល់ទារកទើបកើត ឱ្យបានចំនួន ២០%។

គោលដៅទី២៖ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាការស្ដាប់ឮ ដល់យុវជនមានពិការភាពបាត់បង់ ការស្ដាប់ឮ ឱ្យបានចំនួន ២០% គោលដៅទី៣៖ កាត់បន្ថយករណីជម្ងឺត្រចៀក និងបាត់បង់ការស្ដាប់ឮ ដល់កុមារអាយុ៥-៩ឆ្នាំឱ្យបាន២០%។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការហូបកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការចុះទៅពិនិត្យត្រចៀកដល់ទីកន្លែងជូនប្រជាពលរដ្ឋកុមារា និងកុមារី នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីរៀបចំទិវានេះឱ្យប្រព្រឹត្តទៅដោយរលូន។

លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី បានថ្លែងថា ទិវាការស្តាប់ឮកម្ពុជារៀបចំឡើង ដោយមានការគាំទ្រថវិកាពីមូលនិធិរក្សាកុមារ សហការរៀបចំដោយអង្គការ ហូប កម្ពុជា ទិវាការស្ដាប់ឮកម្ពុជាឆ្នាំនេះ ទិវាបានបង្ហាញពីសារៈសំខាន់ នៃការបញ្ជ្រាបការថែទាំត្រចៀក និងការស្តាប់ឮ នៅក្នុងការថែទាំសុខភាពបឋម ដែលជាធាតុចាំបាច់នៃសុខភាពសកល។

លោកស្រីបានបន្ដថា ដូចទាំងអស់គ្នាបានទទួលខិត្តប័ណ្ណផ្សព្វផ្សាយ ពីសុខភាពអនាម័យត្រចៀក និងការស្ដាប់ឮ បឋមយើងទាំងអស់គ្នា អាចយល់ដឹងពីរោគសញ្ញានៃជំងឺត្រចៀក, អាចជៀងវាង និងបង្ការការបាត់បង់ការស្ដាប់ឮបាន ក្នុងនាមជាបុគ្គល កុំដាក់បញ្ចូលវត្ថុអ្វីមួយក្នុងត្រចៀក, សូមប្រើសម្ភារៈញាត់ត្រចៀក និងឧបករណ៍ការពារត្រចៀកពីសម្លេងខ្លាំងៗ និងនៅទីកន្លែងដែលមានសម្លេងអ៊ូអរ, ក្នុងករណីមានបញ្ហាណាមួយជាមួយត្រចៀក សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗ។

លោកស្រីបានបន្ដថា នៅពេលក្លាយខ្លួនជាជនមានពិការភាពបាត់បង់ការស្ដាប់ឮ គឺប្រឈមមុខនឹងការទទួលបានព័ត៌មាន, ទទួលរងការរើសអើង, ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន, ការសិក្សាកាន់តែខ្សោយ និងបាត់បង់ការងារ។

លោកស្រីបានបញ្ជាក់ថា សូមជនមានពិការភាពបាត់បង់ការស្ដាប់ឮ ស្វះស្វែងដើម្បីទទួលបានការអន្តរាគមន៍ និងសេវាស្តារលទ្ធភាពពលកម្មពីអង្គការហូបកម្ពុជា ដូចដែលមានបង្ហាញទីកន្លែង និងលេខទំនាក់ទំនង នៅលើខិត្តប័ណ្ណផ្សព្វផ្សាយសង្ឃឹមថា ជនមានពិការភាពបាត់បង់ការស្ដាប់ឮ នឹងទទួលបានសេវាទាំងនេះ ដើម្បីជួយឱ្យបានស្ដាប់ឮប្រសើរជាងមុន ងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ និងក្លាយជាធនធានមនុស្ស ដ៏មានសក្តានុពលចំពោះសង្គម៕