(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង រួមជាមួយសហការី បានចូលរួមប្រជុំរៀបចំផែនការសកម្មភាពអនុវត្តសេចក្តីសម្រេចមហាសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្ស ប្រជាជនកម្ពុជាឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំទាំង៩ សមាជិកក្រុមការងារ ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ជាមេឃុំ ជំទប់ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ នាយកសាលា ប្រធានមណ្ឌលសុខភាព ប្រធានមន្ទីរពេទ្យស្រុក មេភូមិ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន សរុបអ្នកចូលរួមមានប្រមាណជាង ៤០០នាក់។

បន្ទាប់ពី លោក ម៉ៅ អ៊ាង ប្រធានគណៈកម្មាធិការគណបក្សស្រុកបាភ្នំ បានអានសេចក្តីសម្រេចនៃមហា
សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា និងការជជែកកិច្ចពិភាក្សារបស់លោកមេឃុំលើការអនុវត្តកន្លងមក លោក រដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិបូកសរុបកិច្ចប្រជុំការងារ និងបានរំលឹកជូនអង្គពិធីថា ដោយសារភាពអំណោយផលល្អនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ រួមជាមួយនឹងជោគជ័យរបស់ចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ ភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំ អាស៊ានរបស់កម្ពុជា និងបញ្ហាដទៃទៀត បណ្តាលមកពីការដណ្តើមឥទ្ធិពលភូមិសាស្រ្ត នយោបាយ និងសង្គ្រាមនៅអ៊ុយក្រែន ។ល។

លោកបញ្ជាក់ថា ភាពជោគជ័យទាំងនេះមិនមែនកើតឡើងដោយឯកឯងនោះទេ គឺកើតចេញពីមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិ បណ្ឌិត និងបញ្ញាញាណឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា
ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជាឱ្យស្មើមុខ និងស្មើសិទ្ធិជាមួយប្រទេសក្នុងតំបន់ និងលើសកលលោក តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ការទូតឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ។

ទន្ទឹមនោះ លោករដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បានផ្តាំផ្ញើ និងរំលឹកដល់មន្រ្តី និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវសកម្មជាមួយពលរដ្ឋនៅថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជន ជា ពិសេសត្រូវបន្តពង្រឹង និងពង្រីក ប្រៀបឈ្នះ នយោបាយរបស់គណបក្ស ដែលធានាដល់ជ័យជម្នះ សំដៅធានាតួនាទីដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព។

ជាចុងបញ្ចប់ លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកបាភ្នំ បានបន្ថែមទៀតថា មន្រ្តី និងសមាជិកគណបក្សទាំងអស់ត្រូវបន្តកសាង ពង្រឹង ពង្រីកកម្លាំងស្នូល ផ្តើមពីការពង្រឹងយន្តការ រចនាសម្ព័ន្ធមូលដ្ឋាន ភូមិ ឃុំ ក្រុមបក្ស និង គ្រួសារបក្ស ព្រមទាំងសមាជិកបក្ស។

លោករដ្ឋមន្ត្រីបន្តថា ចំនុចជាពិសេសដែលត្រូវយកចិត្តទុកដាក់នោះ គឺបងប្អូនពលករ កម្មករចំណាកស្រុក ធានាជំរុញការចុះឈ្មោះបោះ ឆ្នោតរបស់សមាជិកបក្ស និងប្រជាជនគ្រប់ទិសទីនៅមូលដ្ឋាន ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត ក្នុងការដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តខែកក្តដាខាងមុខនេះ សម្រាប់អនាគតរុងរឿងរបស់កម្ពុជាតរៀងទៅ៕