(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានចាត់ទុកថា ការរៀបចំទីវត្តអារាមឱ្យមានរបៀបរៀបរយ រួមទាំងការសាងសង់សំណង់រឹង និងការដាំដុះ ឱ្យមានបរិស្ថានល្អ គឺជាការទាក់ទាញពុទ្ធបរិស័ទ ចូលមកធ្វើបុណ្យទានម្តងម្កាល ជាពិសេសក្នុងថ្ងៃបុណ្យទានសំខាន់ៗ ដោយមិនដាច់នោះឡើយ។

លោកអភិបាលរងខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងបញ្ចុះខ័ណ្ឌសីមា ព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តវិជ័យលួងបន់បាណន់សេះស ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមការងារ មន្ត្រីរាជការ អាជ្ញាធរឃុំ ភូមិ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានជម្រាបជូនថា ទីតាំងវត្តនេះ គឺជាទួលចាស់ពីបុរាណដែលមានផ្ទៃដី២០ពាន់ម៉ែត្រការេ លុះដល់ឆ្នាំ១៩៩៩ ដោយមើលឃើញទីទួលនេះនៅទំនេទើបព្រះភិក្ខុ កៅ វ៉េង ជាព្រះគ្រូចៅអធិការវត្តបច្ចុប្បន្ន បានមកគង់នៅ និងបានដឹកនាំពុទ្ធបរិស័ទគ្រប់ទិសទី និងបានការគាំទ្រពីអាជ្ញាធរដែនដី ជួយជ្រោមជ្រែង បានចាប់ដំណើរការសាងសង់សាលាឆាន់ កុដិ និងឈានទៅកសាងព្រះវិហារ ដោយចំណាយថវិកាអស់ជិត២៧ម៉ឺនដុល្លារអាមេរិក ដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះ។

លោក ចេង ឡៃ បានសម្តែងការកោតសរសើរ ដល់ព្រះចៅអធិការវត្ត ព្រះសង្ឃ ក្រុមការងារ រដ្ឋអំណាច ភូមិ ឃុំ ស្រុក សប្បុរសជន និងពុទ្ធបរិស័ទដែលបានរួមជាកម្លាំងមហាសាមគ្គីគ្នា ទើបធ្វើឱ្យព្រះវិហារ និងសមិទ្ធិផលនានា នៅក្នុងទីវត្តវិជ័យលួងបន់បាណន់សេះស បានប្រារព្ធពិធីឆ្លងនាពេលនេះ។ ជាការពិតណាសថា ទីវត្តអារាមមុននឹងចាប់កសាងសំណង់រឹងក្តីនិងការដាំដើមឈើក្តី ត្រូវតែមានប្លង់គោលច្បាស់លាស់ ពីព្រោះវត្តនីមួយៗ ទាមទាឱ្យទីធ្លាទូលាយ បរិស្ថានស្អាតល្អ និងមានដើមឈើជាម្លប់ គឺជាការទាក់ទាញភ្ញៀវ និងពុទ្ធបរិស័ទចូលមកធ្វើបុណ្យទាន និងមកលេងកំសាន្ត។

លោកបានលើកឡើងទៀតថា នូវរាល់សមិទ្ធិផល ដែលកើតមាន គឺជាទឹកចិត្តជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស គឺបន្ទាប់ពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ឈ្នះ-ឈ្នះ ប្រកបដោយប្រសិទ្ធិភាព និងភាពឈ្លាសវៃ។

ជាការពិតណាស់ថា នូវរាល់សមិទ្ធិពុទ្ធចក្រ និងអាណាចក្រនៅក្នុងទីវត្តអារាមក្តី និងសង្គមជាតិយើងក្តី បានចាត់ទុកជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទាំងផ្លូវលោក និងផ្លូវធម៌ ដូច្នេះក្នុងនាមអាជ្ញាធរដែនដីសូមអំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តក៏ដូចពុទ្ធបរិស័ទចំណុះជើងវត្តត្រូវរួមគ្នាជួយអភិរក្សអភិវឌ្ឍន៍ និងជួយថែរក្សាការពារនូវសមិទ្ធិផលទាំងនោះ ឱ្យបានគង់វង្សយូរអង្វែង ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។

បន្ទាប់ពីប្រគល់ប័ណ្ណសរសើរចំនួន៥២ និងលិខិតថ្លែងអំណរគុណចំនួន៥៦ ជូនដល់សប្បុរសជន ដែលបានចូលរួមកសាងវត្តនោះរួចមក បានអញ្ជើញកាត់ខ្សែបូ និងកាត់សីមាព្រះវិហារស្របតាមគន្លង នៃព្រះពុទ្ធសាសនា ព្រមទាំងបានរាប់បាតដល់ព្រះសង្ឃនាពេលនោះផងដែរ៕