(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចការពារស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញជាអធិបតីភាព អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ដើម្បីឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យក្នុងយុគសម័យឌីជីថល ដែលជាការងារចម្បងមួយនៅក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ទាំងនៅក្នុង និងក្រៅប្រទេស។

ប្រមុខកងទ័ពមុខខៀវកម្ពុជា បានបញ្ជាក់ថា យោធិនជាស្ត្រីរបស់កម្ពុជា បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកសុខសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ របស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិនៃការហាមប្រាម ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស នៅក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជា អស់ការគំរាមកំហែងដោយសារគ្រាប់មីន ប្រឆាំងមនុស្សត្រឹមឆ្នាំ២០២៥។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា ក្នុងភាពជាដៃគូ យោធិន មន្ត្រី បុគ្គលិកទាំងស្ត្រី និងបុរសបានចូលរួមដោយស្មើភាពស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា យុទ្ធនារីចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបោសសំអាតមីនផងដែរគឺ៖ យុទ្ធនារី អ៊ុង យឿន និងយុទ្ធនារី គង់ សារឿន ដែលមានស្នាដៃលើការបោសសំអាតមីនដោយប្រើស្នដែក និងស្នឫស្សីឆ្កឹះរកមីន រំដោះដីស្រែជូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ហើយសម្តេចតេជោ ក៏បានផ្តល់នូវគ្រឿងឥស្សរិយយស និងផ្តល់គោរម្យងារជាវីរនារីដ៏ឆ្នើមទៀតផង។ បច្ចុប្បន្ន យោធិននារីយើងក៏នៅតែមានស្នាដៃ ក្នុងការចូលរួមបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសស្រាក់សស្រាំ នៅសាធារណរដ្ឋលីបង់ ដែលប្រទេសមួយចំនួនមិនហ៊ានទទួលយកភារកិច្ចនេះនៅឡើយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា បើគិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី១៧ នៃការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប ដែលមានកម្លាំងសរុបចំនួន ៨,៩៥១នាក់ ក្នុងនោះមាននារី ចំនួន ៦៩២នាក់ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិក កណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី និងយេម៉ែន។

បច្ចុប្បន្ន កម្លាំងកំពុងបំពេញបេសកកម្មចំនួន ៥ប្រទេសរួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលី មានកម្លាំងចូលរួមចំនួន ៨៧៤នាក់ នារីចំនួន ១៤១នាក់ ក្នុងនោះមានយោធិននារី ០១នាក់ ជាមេបញ្ជាការកង កំទេចគ្រាប់មិនទាន់ផ្ទុះ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយក៏ជាលើកដំបូងរបស់កម្ពុជាដែលមានមេបញ្ជាការជានារី និងមាននារីចំនួន០៦នាក់ ជានាយទាហានសេនាធិការ និងសង្កេតការណ៍៕