(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា សន្តិភាពជាមូលគ្រឹះដែលនាំឱ្យមានការអភិវឌ្ឍ សន្តិភាពជារបស់កម្រ រហូតមកទល់ពេលនេះមានប្រទេសមួយចំនួនពុំទាន់រកអាចរកបាននូវសន្តិភាពពិតប្រាកដនៅឡើយទេ។ ការភ្លេចខ្លួន ឬការលង់ខ្លួនតាមការញុះញង់របស់ជនអគតិ អាចធ្វើឱ្យសន្តិភាពបាត់បង់ក្នុងមួយពព្រិចភ្នែក។ ដូចនេះ ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយត្រូវតែប្តេជ្ញារក្សាស្ថានភាពព្រះរាជាណាចក្រកម្ពុជា ជា «កោះសន្តិភាព» ឱ្យដូចគោលបំណងដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ។ នេះក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។

ការលើកឡើងបែបនេះ របស់លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មការកិច្ចការនារី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ពិធីនេះក៏មានការយាងដោយសម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលទ្រង់អានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ។

នៅក្នុងព្រះរាជសារ ព្រះអង្គមានព្រះសវនីយ៍គាំទ្រលើមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» និងរំលេចពីគុណណូបការៈរបស់ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលនាំឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជារាស្ត្រទទួលបាននូវភាពសុខដុមរមនា ទទួលបាននូវសិទ្ធិសេរីភាពពេញបរិបូរណ៍ ព្រមទាំងទទួលបាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយនិងដោយស្មើភាពគ្នា។

លើសពីនេះ ព្រះអង្គក៏មានព្រះសវនីយ៍កោតសរសើរ និងប្រទាននូវអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់វិធានការផ្ការីកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារអាយុជីវិតជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងដែលបានដាក់ចេញនូវកម្មវិធីយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាក្រោកឈរឡើងវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ព្រះអង្គក៏ព្រះសវនីយ៍កោតសរសើរអំពីកម្មវិធីមនុស្សធម៌ និងសកម្មភាពក្នុងវិស័យសុខាភិបាលដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សូមគាំទ្រយ៉ាងពេញទំហឹងលើមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងថា យុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ឆ្នាំ២០២៣នេះ ធ្វើឡើងក្នុងបរិបទល្អប្រសើរជាងបីឆ្នាំកន្លងមក ដែលក្នុងអំឡុងពេលនោះពិភពលោកទាំងមូលបានឆ្លងកាត់រួមគ្នានូវវិញ្ញាសារដ៏លំបាកបំផុតមួយ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលគិតមកត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជំងឺនេះបានបំផ្លាញជីវិតមនុស្សអស់ជាង ៦.៨៧លាននាក់ហើយ។

បន្ថែមពីនេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបន្តថា ទោះជាវិបត្តិនេះក៏បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ហើយនៅតែបន្តគ្រប់គ្រងបានលើសមរភូមិប្រយុទ្ធមួយនេះ ដោយរក្សាបាននូវសុខសន្តិភាព សន្តិសុខ-សណ្តាប់ធ្នាប់សង្គម រក្សាលំនឹងជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងដោយពុំទុកអ្នកណាម្នាក់ឱ្យនៅឯកកានោះឡើយ។ សមិទ្ធផលដែលកើតចេញពីកិច្ចប្រឹងប្រែងទាំងនេះបានធ្វើឱ្យកិត្តិនាមរបស់កម្ពុជាត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិកាន់តែខ្លាំងឡើងៗ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកស្តី្រជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ដោយរក្សានូវប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមខ្មែរ ស្ត្រីខ្មែរនៅតែជាតួអង្គសំខាន់ និងចាំបាច់មិនអាចខ្វះបាន នៅក្នុងដំណើរការប្រព្រឹត្តទៅនៃជីវភាពគ្រួសារ។ ស្ត្រីខ្មែរនៅតែរ៉ាប់រងការងារគេហកិច្ច អប់រំទូន្មានកូនប្រុសស្រី និងមនុស្សជុំវិញខ្លួនឱ្យគិត និងប្រព្រឹត្តនូវទង្វើជាកុសល និងមានប្រយោជន៍ជូនជាតិ និងសង្គម។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងថា ទោះជាយ៉ាងនេះក្តី បុរសជាដៃគូ ជាឪពុក ជាជីតា ក៏គួរតែជួយសម្រាលបន្ទុកលើផ្នែកគេហកិច្ច និងជញស្ត្រីជាភរិយា ជាកូនស្រី ជាចៅស្រីឱ្យមានឱកាសគ្រប់គ្រាន់ដើម្បីប្រើប្រាស់នូវកាលនុវត្តភាពរបស់ពួកគាត់ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញនិងបច្ចេកទេស ដែលជាមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយសក្តានុពល នៅក្នុងសង្គម និងក្នុងតំបន់។ នៅក្នុងដំណាក់នៃការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីនេះ ប្រជាពលរដ្ឋកម្ពុជាទាំងមូលបានបោះជំហានចូលទៅក្នុងយុគសម័យឌីជីថលលូបនីយកម្មស្ទើរគ្រប់វិស័យ។ ស្ត្រី និងក្មេងស្រីក៏ត្រូវតែបន្ស៊ាំខ្លួនទៅនឹងយុគសម័យនេះដែរ។

នៅពេលដែលស្ត្រី និងក្មេងស្រីមានសក្តានុពលគ្រប់គ្រាន់ នៅក្នុងគ្រប់ទិដ្ឋភាព រួមទាំងវិស័យឌីជីថលផងនោះ ពួកគាត់ពិតជាអាចអភិវឌ្ឍខ្លួនឯងក្លាយជាដៃគូដ៏ចាំបាច់ជាមួយបុរស ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។ ដើម្បីចូលរួមលើកកម្ពស់ និងជំរុញគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញនៅតែបន្តលើកទឹកចិត្ត គាំទ្រយ៉ាងពេញទំហឹង និងសូមចាត់ទុកការពង្រឹងសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាការងារអាទិភាពដែលត្រូវអនុវត្តបន្ត៕