(ឧត្តរមានជ័យ)៖ ព្រះវិហារវត្តពុទ្ធោអរហំហៅវត្តភ្នំដី និងសមិទ្ធិផលមួយចំនួនទៀត ស្ថិតនៅភូមិខ្នា ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ សំដែងនូវអំណរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលនានា និងកាត់ឫសសីម៉ាព្រះវិហារវត្ត ពុទ្ធោអរហំហៅវត្តភ្នំដីនាពេលនេះ។
លោកថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិត្រូវបានរំដោះ ប្រជាពលរដ្ឋរួចផុតពីទុក្ខវេទនា ប្រទេសជាតិមានការអភិវឌ្ឍទៅមុខប្រកបដោយមោទនភាព ជំនឿ និងសាសនាត្រូវបានមានជីវិតរស់រានឡើងវិញ ហើយបច្ចុប្បន្នវិស័យសាសនា ពិសេសព្រះពុទ្ធសាសនា គឺមានការរីកចម្រើនខ្លាំង ទីអារ៉ាមស្ថាននានាត្រូវបានកសាងរីកដុះដាល។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងទៀតថា បច្ចុប្បន្ននេះវិស័យពុទ្ធចក្របានដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឱ្យសាធារណជន ជាមណ្ឌុលមនុស្សចាស់ ក្មេងកំព្រា និងជាឃ្លាំងបណ្តុះគំនិតអប់រំសីលធម៌សង្គម ដល់គ្រប់ស្រទាប់មហាជន ជាពិសេសយុវជនដ៏មានប្រសិទ្ធិភាព។ ព្រះពុទ្ធសាសនាបានដើរតួនាទីដ៏សំខាន់ក្នុងការបន្តចូលរួមកសាង ការពារ ថែរក្សាសន្តិភាព ពង្រឹងស្ថេរភាពសង្គមជូនដល់ប្រទេសជាតិ និងមនុស្សជាតិ តាមរយៈព្រះធម៌ដែលជាព្រះឱវាទរបស់សម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលញាំងឱ្យប្រទេសជាតិរបស់យើង រួចចាកពីមហន្តរាយផ្សេងៗដូចជា សង្គ្រាម អំពើហឹង្សា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងអំពើអបាយមុខផ្សេងៗ។

លោក ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ព្រះគ្រូចៅអធិការ គណៈកម្មាការ ពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលបានចូលរួមចំណែកបរិច្ចាកនូវធនធាន ចំណេះដឹង ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតព្រះពុទ្ធសាសនា។ លោកសំណូមពរប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធិផលដែលមានហើយ ព្រោះវាជាសមិទ្ធិផលរួមរបស់យើងទាំងអស់គ្នា ធ្វើយ៉ាងណារក្សាឱ្យការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក្រោមទិសស្លោក រក្សាចាស់ បង្កើតថ្មី ជាជំហាន តាមលទ្ធភាព និងធនធានដែលមាន ដែលរាប់ទុកជាសម្បត្តិក្នុងជាតិនេះ និងជាកុសល្យផលបុណ្យនាងនាគតជាតិ៕