(កោះកុង)៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សាលារៀន ១ខ្នង, ប្រគល់ផ្ទះជូនគ្រួសារក្រីក្រ ចំនួន៣៣គ្រួសារ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២៩០គ្រួសារ សរុបទឹកប្រាក់ប្រមាណ ២១៩,៥៦០ដុល្លារ ដែលជាជំនួយរបស់សប្បុរសជន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា។ លោកបានលើកឡើងបន្តថា អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ តែងតែកៀវគរជំនួយពីក្រៅប្រទេស ក្នុងការជួយកសាងសមិទ្ធផលជាច្រើន ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដែលជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍សង្គម ជាមួយរាជរដ្ឋាភិបាល។

លោកបានបន្ថែមថា កន្លងមករាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែស្វាគមន៍ និងគាំទ្រជានិច្ចចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួម ដល់ប្រជាជនកម្ពុជាមានជីវភាពខ្វះខាត។

ជាមួយគ្នានេះ លោក រ៉ូហ្វី អូស្មាន បានលើកឡើងពីសមិទ្ធផល ជាច្រើនដែលសហគមន៍ឥស្លាមទទួលបានពីរាជរដ្ឋាភិបាល។ សាសនិកឥស្លាម មានឱកាសចូលបម្រើការងារក្នុងជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ គ្រូបង្រៀនខ្មែរឥស្លាម១,៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។ ស្ត្រីឥស្លាម អាចពាក់ហ៊ីចាប (ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនា សម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗតាមតម្រូវការ។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរីករាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ទទួលបានយ៉ាងជោគជ័យ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនគិតថ្លៃនោះទេ។

ឆ្លៀតក្នុងឱកាសនោះ លោកបានផ្ដល់ប្រាក់ឧបត្ថម្ភ ដល់យុវជន CMYA, យុវជនស.ស.យ.ក និងកងកម្លាំងចំនួន៧០ម៉ឺនរៀល។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានឲ្យដឹងថា សាលារៀនឥស្លាម ១ខ្នងខាងលើ មានកម្ពស់២ជាន់ ស្មើ៨បន្ទប់ ចំណាយថវិកា១៣៥,៦៨០ដុល្លារ។ ផ្ទះជូនគ្រួសារក្រីក្រចំនួន៣៣ខ្នង ចំណាយថវិកាសរុប ៨០,៤០០ដុល្លារ និងអំណោយចំនួន២៩០កញ្ចប់ ក្នុងនោះមានអង្ករ១៥គីឡូក្រោម ស្ករកន្លះគីឡូក្រោម និងប្រេង១ដប ចំណាយថវិកាសរុប៣,៤៨០ដុល្លារ៕