(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើឲ្យសេវាករ អ្នកផ្គត់ផ្គងអគ្គិសនីទូទាំងខេត្ត ពង្រីក និងតបណ្តាញអគ្គិសនី ជូនពលរដ្ឋអោយបានគ្រប់ខ្នងផ្ទះ។

ការស្នើបែបនេះខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន បានអញ្ជើញជួបសំណេះសំណាល ជាមួយសេវាករអ្នកផ្គត់ផ្គង់អគ្គិសនី ដែលទទួលអាជ្ញាប័ណ្ណទូទាំងខេត្តកំពត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលា ខេត្តកំពត ដោយចូលរួមពីសំណាក់បណ្ដាជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ការប្រជុំនេះ ក្នុងគោលបំណងរកដំណោះស្រាយ​បញ្ហាប្រឈម​ និង​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​ ទាក់ទង​និង​បញ្ហាភ្លើងប្រើប្រាស់​ របស់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ព្រម​ទាំង​បញ្ហា​ប្រឈម​ របស់​សេវា​ករ​អគ្គិសនីកន្លងមក។

លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកវិស័យចំនួន៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង។ វិស័យភ្លើងអគ្គិសនី គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាននាពេលបច្ចុប្បន្ន ដូច្នេះសេវាករដែលផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រីកបណ្តាញ និងតបណ្តាញជូនពលរដ្ឋអោយបានគ្រប់ភូមិ និងគ្រប់ខ្នងផ្ទះរបស់ពលរដ្ឋ ទៅតាមតម្រូវការចង់បានរបស់ពលរដ្ឋ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំដែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការផ្គត់ផ្គង់ និងការផ្តល់សេវាអគ្គិសនី របស់សេវាករទាំងអស់នៅទូទាំងខេត្ត បានល្អនាពេលកន្លងមក។ លោកអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់សេវាករទាំងអស់ បន្តធ្វើកិច្ចការងារដែលនៅសេសសស់ ពិសេសលើសំណើរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់អគ្គិសនីនៅតាមមូលដ្ឋានជាចាំបាច់៕