(ក្រចេះ)៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងទាំងស្រុង ខណៈពេលដែលម្ចាស់ផ្ទះមិននៅផ្ទះ ព្រមទាំងខូចខាតទ្រព្យសម្បិត្តប្រមាណជាង ៥០,០០០ដុល្លារ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ នៅចំណុចក្រោយផ្សារអូរឫស្សី ភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ទិត្យ មករា អាតុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ អូន ចាន់ធី អាយុ៣៤ឆ្នាំ ដោយខូចខាតទ្រព្យសម្បត្តិរួមមាន៖ ផ្ទះធ្វើអំពើឈើ ថ្មខាងក្រោម ប្រក់ក្រឿងមានទំហំ៧ គុណ១២ម៉ែត្រ ខូចខាតទាំងស្រុង, ទូឈើជាប់ជញ្ជាំង០១, ទូរទស្សន៍០២, គ្រែយក្ស០១, ដាឡុង ០១សម្រាប់, ទូរទឹកក០១, ម៉ាស៊ីនបោកខោអាវ០១ គិតជាទឹកប្រាក់សរុបប្រមាណ ៥០,០០០ដុលារ។

តាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង (រថយន្តរបស់ស្នងការដ្ឋានចំនួន ២គ្រឿង, រថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន ១គ្រឿង) ប្រើប្រាស់ទឹកសរុបចំនួន០៧ឡាន ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១៣ និង៣០នាទី៕