(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារបានថ្លែងថា ការសម្រេចជាឯកច្ឆ័នរបស់ ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF ដកកម្ពុជាចេញពី បញ្ជីប្រផះ មក បញ្ជីសឬស្អាត ជាសញ្ញាវិជ្ជមានដ៏ធំសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងលំហូរទុនពីបរទេស តាមរយៈភាពងាយក្នុងការចរាចរណ៍សាច់ប្រាក់ ពីក្រៅប្រទេសមកកម្ពុជា។

លោក គង់ វិបុល ថ្លែងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ​«ឥឡូវអង្គការ FATF បានសម្រេចជាឯកច្ឆ័នដាក់កម្ពុជាមកបញ្ជីសវិញ ដែលទាំងអស់គ្នា គួរអបអរសាទរ ពីព្រោះវាជាសញ្ញាមួយវិជ្ជមានធំណាស់សម្រាប់កម្ពុជា នៅក្នុងការទាក់ទាញវិនិយោគ ក៏ដូចជានៅក្នុងការទាក់ទាញទុនពីបរទេស ការធ្វើចរាចរណ៍នៃសាច់ប្រាក់។​ ហេតុអីបានជាប្រទេសមួយចំនួន ​មានការអល់អែកនៅក្នុងការវិនិយោគ គឺដោយសារការផ្ទេរលុយមកកម្ពុជា គេសួរច្រើនពេក។ មិនមែនថាមិនបានទេ ប៉ុន្តែគេសួរទាំងប្រទេសដែលត្រូវផ្ទេរមក ហើយយើងក៏ត្រូវពិនិត្យ​​ថា តើប្រាក់ដែលផ្ទេរមកកម្ពុជា វាស្អាត ឬក៏វាកខ្វក់ដែលត្រូវយកមកលាង។ តែឥឡូវយើងបានចូលនៅក្នុងបញ្ជីស្អាតវិញហើយ»។

បើតាមលោក គង់ វិបុល ​ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ កម្ពុជា​ត្រូវបានក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចដាក់កម្ពុជា បញ្ជូលក្នុងបញ្ជីប្រផេះ ដែលត្រូវចាត់ទុកថា ជាប្រទេសមានហានិភ័យខ្ពស់ក្នុងការលាងលុយកខ្វក់។

លោកបានលើកឡើងថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះមកបញ្ជីស គឺជាការខិតខំប្រឹងប្រែងរបស់អង្គភាពទាំងអស់ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ​ បានដើរតួនាទីមួយយ៉ាងសំខាន់​ ដើម្បីបង្ហាញទៅអង្គការ FATF ថារដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកែទម្រង់របស់ខ្លួន សម្អាតខ្លួនឱ្យមកសវិញ។​ ចំណែកស្ថាប័នតុលាការ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ដែរ ដោយបានខិតខំប្រឹងប្រែងជួយ ​និងដាក់ករណីពន្ធដារមួយចំនួន ជាអទិភាពនៅក្នុងការបង្រ្កាបនៃបទល្មើសពន្ធដារ។

លោកបន្តថា «ការបង្រ្កាបនៃបទល្មើសពន្ធដារនេះ គឺយើងខ្ញុំមិនមែន ទៅធ្វើការបាបអ្នកជាប់ពន្ធទេ។ តាមយុទ្ធស្រ្តកៀរគរចំណូល ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ គឺ​ការពង្រឹងនៃការបង់ពន្ធឱ្យស្មើភាពគ្នា។ មិនអាចអនុញ្ញាតឱ្យអ្នកមួយក្តាប់តូច ដែលគិតអំពីការគេចពន្ធ មកបំផ្លាញអ្នកដែលគេបង់ពន្ធត្រឹមត្រូវ ដែលមានអនុលោមភាពខ្ពស់បានទេ»

លោក​អះអាងថា កម្ពុជានឹងបន្តពង្រឹងខ្លួន ឱ្យស្ថិតនៅក្នុងបញ្ជីស ឬបញ្ជីស្អាតរហូត ​ព្រមទាំងរួមគ្នាលុបបំបាត់នូវអំពើគេចវេសពន្ធ នៅកម្ពុជា ខណៈបច្ចុប្បន្ននេះចំនួនអ្នកដែលមានអនុលោមភាព មានការកើនឡើងជាលំដាប់៕