(ទីម័រឡេស្តេ)៖ ក្នុងឱកាសបំពេញទស្សនិច្ចនៅប្រទេសទីម័រឡេស្តេ, នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក Jose Agushinho Da Silva រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនងរបស់ទីម័រឡេស្តេ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទីម័រឡេស្តេ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការចូលជាសមាជិកភាពរបស់ទីម័រ ជាសមាជិករបស់អាស៊ាន។

ភាគីទីម័រចង់ឲ្យកម្ពុជាជួយផងដែរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៉ីវិលនៃប្រទេសទាំងពីរ ពិសេសជួយផ្តល់ជាបទពិសោធន៍ល្អៗ ទាក់ទងទៅនឹងការតភ្ជាប់ជើងហោះហើរ ក្នុងតំបន់អាស៊ានទាំងមូល។

ភាគីទីម័រក៏ស្នើសុំកម្ពុជា ជួយចែករំលែកបទពិសោធន៍ទាក់ទង ទៅនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរស៉ីវិល ដោយទីម័របានកត់សម្គាល់ឃើញថា នៅរយៈពេលចុងក្រោយនេះ វិស័យអាកាសចរស៉ីវិលកម្ពុជា រីកចម្រើនយ៉ាងខ្លាំង ជាពិសេសទាក់ទងនឹងដំណើរការនៃការពង្រីកអាកាសយានដ្ឋានថ្មីៗរបស់កម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានចែករំលែកនូវបទពិសោធន៍អំពីវិស័យអាកាសចរស៉ីវិលនៅកម្ពុជា ដែលចាប់ផ្តើមពីចំណុចសូន្យ ងើបពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់មានការរីកចម្រើដូចពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលការប្រើប្រាស់ធនធានពីវិស័យឯកជន ក្នុងដំណើរការពង្រីកសាងសង់អាកាសយានដ្ឋាន ដែលពីមុនអាកាសយានដ្ឋាននៅកម្ពុជាតូច ប៉ុន្តែរាជរដ្ឋាភិបាលមានគោលនយោបាយល្អ ទើបអាចគៀងគរធនធាន យកមកពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានរបស់យើងបានល្អប្រសើរ ឆ្លើយបតបានតម្រូវការរបស់សង្គម សេដ្ឋកិច្ច។

បន្ទាប់ពីបានពិភាក្សាគ្នារួច លោករដ្ឋមន្ត្រីប្រទេសទាំង២ ក៏បានរៀបចំចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីប្រតិបត្តិការហោះហើររវាងប្រទេសទាំង២ ដែលអនុស្សារណៈនេះ ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីទីម័រឡេស្តេ មកកម្ពុជា កាលពីចុងឆ្នាំ២០២២ ដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ទីម័រឡេស្តេ បានពិភាក្សាគ្នាធ្វើយ៉ាងណាជំរុញឲ្យក្រុមការងារនៃប្រទេសទាំងពីរ ពង្រឹងទាំងការងារផ្នែកបច្ចេកទេស និងការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស៕