(កំពង់ស្ពឺ)៖ លោក តូច យ៉ាន អនុប្រធានក្រុមការងារ ចុះជួយស្រុកឱរ៉ាល់ និងជាប្រធានស្តីទីក្រុមការងារចុះជួយឃុំត្រពាំងជោ តំណាងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៤ឃុំ នៅព្រឹកថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៣ បានអញ្ជើញអធិបតីភាព ប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងយុវជនគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០២២ ចំនួន២០៩នាក់ ស្រីចំនួន១០៩នាក់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ទន្ទឹមជាមួយគ្នានោះ លោក តូច យ៉ាន បានលើកឡើងថា រយៈពេល៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឈរលើមូលដ្ឋាននេះបានបង្ហាញច្បាស់ អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជា ក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ដោយការចូលរួមយ៉ាងផុសផុលរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។

លោកបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ ត្រូវបានថែរក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជាប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗថែមទៀត រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជា កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យ។

សូមបញ្ជាក់ផងដែរថា ពិធីប្រកាសបញ្ចូលគណបក្សប្រជាជនជាង២០០នាក់នេះ ធ្វើឡើងនៅមន្ទីរគណបក្សឃុំត្រពាំងជោ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ ជាមួយគ្នានោះដែរ លោក តូច យ៉ាន ក៏បានចូលរួមសួរសុខទុក្ខក្រុមការងារ និងបានឧបត្ថម្ភជាសារ៉ុង និងក្រមា និងថវិកាបន្តិចបន្តួចជូនដល់សមាជិកទាំងអស់ ដើម្បីធ្វើជាសោហ៊ុយធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញផងដែរ។

ជាចុងបញ្ចប់​ លោក​ តូច​ យ៉ាន​ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំង ​បន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា​ និងខិតខំរក្សាសន្តិភាពបន្តទៀត​ និងជាពិសេសកុំជឿលើការញុះញុងរបស់បក្សប្រឆាំងអោយសោះ៕