(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តក្នុងវត្តអមរា ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបន្តរីកលូតលាស់ក្នុងទីអារាមដែលមានវ័យជាង២០០ឆ្នាំនេះ ដោយកើតទ្បើងពីកិច្ចខិតខំប្រឹងប្រែងកសាងកុសលផល បុណ្យរបស់ពុទ្ធបរិស័ទ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍ។

លោកបណ្ឌិត បានបន្ដថា ជាទស្សនផ្ទាល់ខ្លួន វិទ្យាសាស្ត្រ និងសាសនា ត្រូវដើរទន្ទឹមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីជួយអភិវឌ្ឍន៍សង្គមមួយ ឲ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។ ខណៈដែលវិទ្យាសាស្ត្រអាចជួយដោះស្រាយ និងបង្កើនកម្រិតជីវភាពប្រចាំថ្ងៃ ព្រមទាំងជាប្រភពដ៏សំខាន់ នៃចំណេះដឹងថ្មីៗ គឺសាសនាអាចជួយបង្កើននូវគុណធម៌ និងសីលធម៌ ដែលជាជំនាញផ្នែកទន់ដ៏ចម្បង ក្នុងការលើកកម្ពស់គុណតម្លៃរបស់បុគ្គលម្នាក់ៗ ក៏ដូចជាសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ការបញ្ចូលចំណេះដឹងផ្នែកសាសនា បន្ថែមលើចំណេះដឹងទូទៅ នៅក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាប្រកបដោយសក្តានុពលខ្ពស់ ដែលមូលដ្ឋាន នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលអនាគត។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត, សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង៤០ឆ្នាំ ប្រកបដោយការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់កាលថ្មីៗនេះ សម្តេចបានធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ១៩ តាមរយៈការគិតគូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដោយបានធ្វើការដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ១៩នេះ ហើយប្រទេសជាតិក៏ត្រូវបានបើកឲ្យដំណើរការឡើងវិញ លើគ្រប់វិស័យដោយសុខសុវត្ថិភាព រហូតមកដល់បច្ចុប្បន្ន។

លោកបណ្ឌិត បានបន្ថែមថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តនោះ សម្តេចតេជោ ហ៊ុន សែន នៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ រួមជាមួយនឹងការជ្រោងកិត្យានុភាពជាតិ ឲ្យកាន់តែខ្ពស់ទ្បើងនៅលើឆាកអន្តរជាតិ៕