(ក្រចេះ)៖ ជនជាតិភាគតិច ថ្មូន រស់នៅចំណុចទូនឧបសម្ព័ន្ធ នៃភូមិកូនវ៉ា ស្ថិតក្នុងឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលជាតំបន់ឆ្ងាយដាច់ស្រយាលជាងគេ ជាប់នឹងព្រំប្រទល់ខេត្តមណ្ឌលគីរី ចំនួន១១០គ្រួសារ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា។

អំណោយនេះ ត្រូវបានលោកស្រី ហឹង ណារី វ៉ាថន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ នាំយកទៅប្រគល់ជូននៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, មុង១, ក្រម៉ា១, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, សារ៉ុង១ និងថវិកាចំនួន១០ម៉ឺនរៀល។

លោកស្រី ហឹង ណារី វ៉ាថន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋជាជនជាតិភាគតិច ដែលពិតជាជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមនិងការទទួលបានសេវាសាធារណៈនានា ដោយតំបន់ដែលរស់នៅជាតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន តែទោះជាយ៉ាងណាសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខ និងបានជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពីសំណាក់អាជ្ញាធរខេត្ត-ក្រុងស្រុករហូតដល់មូលដ្ឋាន ដោយមិនទុកឲ្យពួកគាត់រស់នៅឯកោនោះទេ។

លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅប្របកដោយភាពស្អាត និងអនាម័យ, ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានា ដែលនឹងអាចកើតមានឡើង, សូមជួយអប់រំកូនចៅឲ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន, សូមខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំឲ្យបានច្រើន សម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យប្រសើឡើង។ ក្នុងនោះ ក៏មាននាំក្រុមគ្រូពេទ្យមកពិនិត្យជំងឺដោយមិនគិតថ្លៃផងដែរ។

ជនជាតិភាគតិច ថ្មូន ពួកគាត់បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពពួកគាត់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលពួកគាត់ជាជនជាតិរស់នៅតំបន់ដាច់ស្រយាលជាងគេ ដែលធ្វើឲ្យពួកគាត់បានដឹង និងយល់ច្បាស់ថា ពួកគាត់ គឺមិនត្រូវបានរាជរដ្ឋាភិបាលបោះបង់ និងទុកចោលព្រងើយកន្តើយ ឲ្យពួកគាត់រស់នៅឯកោនោះទេ៕