(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួម «វេទិកាបាគូសកលលើកទី១០» នៅថ្ងៃទី៧-១២ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC)។

ការចូលរួមវេទិកានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី សាហ៉ីបា ហ្កាហ្វារូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា លោកស្រីកិត្តិសង្គហបណ្ឌិត ក៏នឹងបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីពង្រឹងនិងពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតសភា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ផងដែរ។

ស្របពេលនេះដែរ ភាគីទាំងពីរនឹងពិភាក្សាលើការបន្តពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាទាំងពីរ ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សាហ៉ីបា ហ្កាហ្វារូវ៉ា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដើម្បីជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើវិស័យការទូតសភា។

វេទិកាបាគូសកលនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គមស៊ីវិល គ្រោងធ្វើឡើងក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទី១៖ ពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន, ទី២៖ លើកកម្ពស់ចំណេះដឹង ភាពអត់ឱន កិច្ចសន្ទនា ការយោគយល់ ការគោរពគ្នាទៅវិញទៅមក និងការអត់ឱនរវាងប្រជាជន វប្បធម៌ និងជាតិសាសន៍ខុសៗគ្នា និងទី៣៖ កសាងសង្គមមួយប្រកបដោយវិបុលភាព និងការរីកចម្រើន។

ក្នុងអំឡុងពេលស្នាក់នៅ លោកស្រីកិត្តិសង្គហបណ្ឌិត នឹងមានជំនួបសម្ដែងការគួរសមជាមួយលោក អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងពាំនាំការសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំនៃរដ្ឋសភា ព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕