(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយលោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានអនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោកស្រី ឡាក់ អូន សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់គេហដ្ឋាននៅរាជធានីភ្នំពេញ។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោក លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់ លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោកស្រី ឡាក់ អូន និងក្រុមគ្រួសារ។

លោកស្រី ឡាក់ អូន មានប្រសាសន៍ថា «ខ្ញុំមានក្តីក្តួលក្តួល និងអរគុណជាអនេកព្រមទាំងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ លោកជំទាវ អ៊ូ សាន សាយឈុំ សម្តេច លោកស្រី លោក ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំនិងក្រុមគ្រួសារដល់លំនៅដ្ឋាន»

លោកស្រីក៏បានបញ្ជាក់ពីការបន្តគាំទ្រ ចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នៃរដ្ឋសភានិងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។

លោកស្រីក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាលក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបម្រើ ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពថ្លៃថ្នូរសុភាពរាបសា យោគយល់អធ្យាស្រ័យ ហើយលើសពីនេះក៏បានខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព និងការយល់ដឹងច្បាស់អំពីតួនាទីភារកិច្ច ក្នុងនាមជាសមាជិកបក្ស ដើម្បីថែរក្សាសុខសន្តិភាព និងចូលរួមចំណែកក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយរុងរឿងនិងសុភមង្គល។

លោកប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់លោកស្រី ឡាក់ អូន និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក បម្រើគណបក្ស ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ជារៀងរហូតមក ដូចជាធ្លាប់បានបម្រើការងារនៅខេត្តរតនគិរី ជាប្រធានមន្ទីរអប់រំ ប្រធានមន្ទីរកិច្ចការនារី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លេខាគណៈកម្មាធិការ បក្សខេត្តរតនគិរី សមាជិការដ្ឋសភា ទីប្រឹក្សាប្រធានរដ្ឋសភា អនុប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្របក្ស ជាសមាជិកានិងជាអនុប្រធានគណៈកម្មាធិការទី២ នៃព្រឹទ្ធសភា ចំនួន៣អាណត្តិ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសដ៏មានអត្ថន័យនេះលោក ចាយ បូរិន លោក កែវ ពិសិដ្ឋ លោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកស្រី ឡាក់ អូន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់រក្សាលោកជំទាវចាកផុតពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺយូរ៕