(កណ្ដាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនយុវជនញៀនថ្នាំម្នាក់ ក្រោយបានធ្វើការគប់ដុំថ្ម២ដុំចំរថយន្តរបស់គេបណ្ដាលឲ្យខូចខាត។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ចំណុចជិតគល់ស្ពានព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ចាស់រថយន្ដរងគ្រោះ ឈ្មោះ ត្រូ រតនា អាយុ២៦ឆ្នាំ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានខូចខាតទ្វាររថយន្តខាងក្រោយមួយផ្ទាំង។ ខណៈជនសង្ស័យឈ្មោះ សុខ សារី អាយុ៣៥ឆ្នាំ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីហូបការមិត្តភក្តិវិញ ក៏បើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ខៀវចាស់ ឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ 2BT-4451 មកដល់ចំណុចជិតគល់ ស្ពានព្រែកហូរលិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ក្នុងស្ថានភាពស្រវឹងស្រា បានយកដុំថ្មមកគុបទៅលើរថយន្ត បណ្តាលឲ្យកំពិតទ្វារខាងក្រោយ។

ក្រោយកើតហេតុ ជនរងគ្រោះបានបើករថយន្តរត់មកដល់ប៉ុស្តិ៍ព្រែកហូរ ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរហូតប៉ុន្មានម៉ោងក្រោយ ក៏ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកហូរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕