(បន្ទាយមានជ័យ)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ និងអាជ្ញាធរ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សនៅសាលាបឋមសិក្សាអភិវឌ្ឍន៍ និងផ្សព្វផ្សាយអំពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទដែលងាយរងគ្រោះដល់អាយុជីវិត។

នាឱកាសនោះដែរ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ បានថ្លែងថា ប្រសិនបើបងប្អូន កូន ក្មួយ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ នៅចំណុចណាមួយ សូមត្រូវរាយការណ៍ មកសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ឬមន្ត្រីស៊ីម៉ាក់ នៅជិតលោកអ្នក ដើម្បីចុះអន្តរាគមន៍ដោះចេញឱ្យបានទាន់ពេលវេលា កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ក៏បានផ្តែផ្តាំដល់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស បើនៅក្នុងមូល ដ្ឋានរបស់បងប្អូន កូនក្មួយ រស់នៅ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ឬមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះឬទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទទាន់ហេតុការណ៍ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត មានលេខប្រចាំបញ្ជារបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ០៧៦ ៥៥៥ ៥២ ០១/ ០៨៩ ៩៦ ៧៦ ១៦ ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ៕