(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានដាក់ក្តីរំពឹងថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី
«ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅពាក់កណ្តាលខែ មីនា ឆ្នាំ២០២៣។ យើងមានគម្រោងកៀរគរប្រាក់រហូតដល់ ១០ លានដុល្លារ នៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់យើង»

បើតាមលោក គួច ម៉េងលី តម្លៃ/ភាគហ៊ុនគឺស្ថិតក្រោមការសម្រេចយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា ខណៈផ្សារមូលបត្រកម្ពុជា ក៏រំពឹងថា ក្រុមហ៊ុនធំៗនៅកម្ពុជា នឹងអាចបោះជំហានមកចូលក្នុងទីផ្សារមូលបត្រនាពេលអនាគតផងដែរ។

លោក គួច ម៉េងលី មានបំណងពង្រីកសាលាឲ្យដល់ ១៦០សាខាទូទាំងប្រទេស ខណៈបច្ចុប្បន្នមាន ១៥សាខា។ ចំនួនទឹកប្រាក់សរុបដែលប្រមូលបានសម្រាប់ក្រុមហ៊ុនប្រមាណជា ៧លានដុល្លារ បូកនឹងចំណូលថវិកាផ្ទៃក្នុង និងប្រាក់កម្ចីធនាគារថ្មីនឹងត្រូវបានប្រើប្រាស់សម្រាប់ការពង្រីកសាខាថ្មីចំនួន ២០ទីតាំងបន្ថែមទៀត ដែលមានក្នុងដៃរបស់យើងរួចជាស្រេច។ ក្នុងការណ៍ដែលមានតម្រូវការច្រើនជាងការរំពឹងទុក យើងនឹងស្វែងរកការសម្រេចយល់ព្រមសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនបន្ថែម ដែលអាចដល់ ២០% ដែលជាភាគរយអតិបរមា។

សូមជម្រាបថា បច្ចុប្បន្ន ផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន ៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ។ ក្រុមហ៊ុនទាំង១៥ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា ១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)៕