(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា នឹងបង្កើតឲ្យមានទីកន្លែងសម្រាប់ថែទាំកុមារ របស់មន្ត្រីសាលាខេត្ត និងទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ។

លោក ទៀ សីហា លើកឡើងដូចច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងនារីសាលាខេត្ត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបលើកទី១១២ ក្រោមមូលបទ រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានធ្វើការកោតសរសើរ អំពីវីរភាពរបស់នារី នៃមន្ត្រីសាលាខេត្តសៀមរាប ក៏ដូចនៅទូទាំងប្រទេស ដែលបានពុះពារនូវគ្រប់ការលំបាកសព្វគ្រប់បែបយ៉ាង ដើមី្បប្រទេសជាតិ និងក្រុមគ្រួសារ។ ក្នុងនោះដែរ លោកស្រីក៏បានលើកនូវគំរូល្អៗរបស់ស្ត្រីខ្មែរដែលបានប្រតិបត្តិបានខ្ជាប់ខ្ជួន និងស្របតាមមូលបទរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគស័យឌីជីថល។

អភិបាលខេត្តសៀមរាប បានលើកឡើងថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ក្រោមមូលបទ ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជម្រុញឲ្យគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និង ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីសាលាខេត្ត ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្តផងដែរ។

លោក ទៀ សីហា បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ព្រោះស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។

លោកបានបញ្ជាក់ទៀតថា បើគ្មានសន្តិភាព យើងក៏មិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ ដើមី្បជួយសម្រួលនូវទុក្ខលំបាករបស់នារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប នៅពេលខាងមុខនេះ លោកនឹងបង្កើតឲ្យមាន ទីកន្លែងសម្រាប់ថែទាំកុមាររបស់មន្ត្រីសាលាខេត្ត និងទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗទៀតផង។

ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ លោក ទៀ សីហា និងលោកប្រធានក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភដល់អនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍សាលាខេត្ត នូវថវិកាចំនួន២ពាន់ ដុល្លា ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ដល់នារី ម្នាក់ៗទទួលបានកំណាត់ហួល ២សំពត់ និងក្រណាត់ប៉ាក់ ១អាវផងដែរ៕