(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលវត្តគិរីសោភ័ណភ្នំទែត្រក្នុង ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់សរុបប្រមាណជាង៨០ម៉ឺនដុល្លារ។

លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ បានឲ្យដឹងថា បច្ចុប្បន្នព្រះចៅអធិការព្រះនាមជិនវ័សរក្ខិតោ ពៅ ធារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស គ្រប់គ្រងចាប់ពីឆ្នាំ២០១៣ រហូតមក ព្រះអង្គបានដឹកនាំកសាងនូវសមិទ្ធិផលនានា ក្នុងវត្តដូមានជាអាទិ៍៖

* ស្រះទឹក (ទី១) ដែលមានបណ្តោយប្រវែង៧៨,៤០ម៉ែត្រ និងទទឹងប្រវែង ៦៩,៩០ម៉ត្រ
* ឧបដ្ឋានសាលា (សាលាឆាន់)
* ស្រះទឹក (ទី២)
* ស្រះទឹក (ទី៣)
* ស្ថាបនាផ្លូវជុំវិញភ្នំស្រី
* ស្ថាបនាផ្លូវជុំវិញភ្នំប្រុស
* សាងសង់កុដិថ្មី សង់ពីឈើលើថ្មក្រោម។ សរុបសមិទ្ធផលសាងសង់ គិតចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន សរុបទឹកប្រាក់ ចំនួន៨០០,០០០ដុល្លារ និង៥៧,០០០,០០០រៀល។

លោកអភិបាលស្រុកបានបន្ដថា ក្រោយពីបង្កើតឲ្យមានសមិទ្ធផលខាងលើ ពិសេសការសាងសង់ផ្លូវ អារាមនេះ មិនត្រឹមតែបម្រើឲ្យវិស័យសាសនាតែប៉ុណ្ណោះ តែថែមទាំងជាទីតាំងមួយ អំណោយផលដល់ប្រជាពលរដ្ឋ មកទស្សនាកម្សាន្ត លក់ដូរ ឲ្យចំណីត្រី ធ្វើលំហាត់ប្រាណ និងឆ្លងកាត់ទៅធ្វើស្រែចម្ការលើផងដែរ ដែលមានមនុស្សជាមធ្យម២០០នាក់ ទៅ៣០០នាក់ ក្នុងមួយថ្ងៃ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបន្តរីកលូតលាស់ក្នុងទីអារាមនេះ ដោយកើតទ្បើងពីកិច្ចខិតខំប្រឹងប្រែងកសាងកុសលផលបុណ្យរបស់ពុទ្ធបរិស័ទ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍ។

ព្រមពេលជាមួយគ្នានេះ លោក ហ៊ុន ម៉ានិត ក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងការរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ អ្វីដែលជាជោគជ័យថ្មីទៀតនោះ គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ និងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានិត បានអះអាងទៀតថា ដោយសារតែការគិតគូរដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់នេះហើយ ទើបធ្វើឲ្យកម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ ដូច្នេះហើយដើម្បីបង្កើន និងពង្រឹងភាពស៉ាំសហគមន៍ សម្ដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ជាថ្មីនោះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំង ពិសេសការចាក់ដូសជំរុញនេះតែម្ដង។ បន្ថែមពីនេះ លោកបានជំរុញឲ្យសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ល្អរបស់សង្គម និងជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ៕