(ភ្នំពេញ)៖ និស្សិតកម្ពុជា ដែលកំពុងសិក្សាផ្នែកច្បាប់ បានបង្ហាញការគាំទ្រពេញ​ទំហឹង​​​ចំពោះ​សាល​ក្រម​ផ្តន្ទាទោសលោក កឹម សុខា ដែលត្រូវបានរកឃើញប្រព្រឹត្ត​ទង្វើក្បត់​ជាតិ​។ ក្រៅតែពីការគាំទ្រដល់សាលក្រមផ្តន្ទាទោសលោក កឹម សុខា ហើយ​នោះ ក្រុម​និស្សិត ក៏បានអំពាវនាវដល់ទូតអាមេរិក កុំឱ្យគាំទ្រចលនាបដិវត្តន៍ពណ៌ ដែលនាំឱ្យ​មាន​​កំហុសដូចឆ្នាំ១៩៧០ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នា២០២៣កន្លង​ទៅនេះ បានប្រកាសសាលក្រមលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា បន្ទាប់ពី​បាន​បើកសវនាការរហូតដល់ទៅ៦៦លើក។

សាលក្រមបានផ្តន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគារ​កំណត់​រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នា​ជាមួយ​បរទេស ប្រព្រឹត្តនៅប្រទេស​កម្ពុជា និងទីកន្លែងផ្សេងទៀត​កាលពីអំឡុង​ឆ្នាំ២០១០ ដល់ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស​តាម​បញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

លោក កឹម សុខា ក៏ត្រូវបានផ្តន្ទាទោសនូវទោសបន្ថែម ដោយដកជាស្ថាពរ​នូវ​សិ​ទ្ធិ​បោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ​ផ្សេង​ទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។

លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ​៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើក​លែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញា​នៃអយ្យការ​អមសាលា​ដំបូងរាជធានី​ភ្នំពេញ។ បន្ថែមពីលើនេះ លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យជួប​បុគ្គលណា​ម្នាក់​ទាំង​សញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញា​អយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។

សាលក្រមផ្តន្ទាទោសលើលោក កឹម សុខា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជា​ពល​រដ្ឋខ្មែរ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

លោក ពង្ស ភារៈ និស្សិតឆ្នាំទី៤ផ្នែកច្បាប់ បានយល់ឃើញថា សាលក្រមសាលា​ដំបូង​​​រាជធានី​ភ្នំពេញ បានបង្ហាញឱ្យឃើញពីការពង្រឹងនីតិរដ្ឋនៅកម្ពុជា និង​ជាការ​ពង្រឹង​នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។

យុវជន ពង្ស ភារៈ បានលើកឡើងថា ក្នុងនាមជាប្រតិប្រកាន់ខ្ជាប់នូវគោល​ការណ៍​ច្បាប់ មិនមានអ្វីដែលប្រសើរជាងការតតាំងក្តីតាមផ្លូវតុលាការនោះទេ។ យុវជនរូប​នេះ បានលើកបង្ហាញពីអតីតកាលរបស់កម្ពុជា ជនដែលត្រូវបានចោទថាក្បត់ជាតិ មិនត្រូវបានទុកឱកាសឱ្យតស៊ូមតិបែបនេះឡើយ គឺនឹងត្រូវគេយកទៅ​ប្រហារជីវិ​ត​ភ្លាម។

យុវជន ពង្ស ភារៈ បានលើកឡើងដូច្នេះ «តាមរយៈសវនាការរហូតដល់៦៦លើកនេះ គឺជាការផ្តល់ឱកាសធំធេងណាស់ សម្រាប់លោក កឹម សុខា និងមេធាវី ដើម្បីការពារ​ខ្លួន​តាមផ្លូវតុលាការ។ ដោយឡែកពីអតីតកាលរបស់កម្ពុជាយើង ជនដែលគេចោទ​ថា​ក្បត់ជាតិ ពុំទទួលបានឱកាសតស៊ូមតិបែបនេះទេ គឺត្រូវយកទៅសម្លាប់ចោលតែ​ម្តង។ ករណីលោក កឹម សុខា គឺជាផ្តល់ឱកាសធំធេងណាស់ សម្រាប់កម្ពុជាយើង ដែលកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវនីតិរដ្ឋ»។

យុវតី លី ស៊ីវហួរ ក៏បានគាំទ្រលើសាលក្រមរបស់តុលាការផងដែរ។ គាំទ្រព្រោះថា មុនការសម្រេចផ្តន្ទាទោស គឺតុលាការ បានផ្តល់ឱកាសឱ្យលោក កឹម សុខា និងមេធាវី​ តស៊ូក្តី និងបង្ហាញភស្តុតាងដោះបន្ទុក។ តែតាមរយៈវីដេអូ ដែលលោក កឹម សុខា ថ្លែងចេញពីប្រទេសអូស្ត្រាលី ជាភស្តុតាងរឹងមាំបញ្ជាក់ពីទង្វើក្បត់ជាតិ ដែលច្បាប់មិនអាចលើកលែងបាននោះឡើយ។

យុវតី លី ស៊ីវហួរ បានគូសបញ្ជាក់បែបនេះ «សម្រាប់ខ្ញុំ តុលាការធ្វើបែបនេះ គឺត្រឹម​ត្រូវ។ ហេតុអ្វីខ្ញុំហ៊ានអះអាងបែបនេះ? មុននឹងតុលាការធ្វើសេចក្តីសម្រេច​មុននឹង​ដាក់​ទោសទៅលើជនណាម្នាក់ គឺតែងតែធ្វើការស៊ើបអង្កេត ហើយតែងផ្តល់ឱកាស​ឱ្យជន​នោះតតាំង។ សម្រាត់ការតតាំងផ្លូវច្បាប់លើរឿងក្តីលោក កឹម សុខា ធ្វើឡើងរហូត​ដល់​ទៅ ៦៦លើក ដោយមានការចូលរួមពីមេធាវីផងដែរ។ ហេតុអ្វីបានជាតុលាការ សម្រេចចិត្តផ្តន្ទាទោសតាមច្បាប់ ដោយសារតែភស្តុតាងមានជាក់ស្តែងតែម្តង តាម​រយៈ​វីដេអូ លោក កឹម សុខា បានរៀបរាប់ពីផែនការ និងយុទ្ធសាស្ត្រដោយមាន​ការ​ចូល​​រួមពីបរទេស»។

រដ្ឋធម្មនុញ្ញរបស់កម្ពុជា បុគ្គលគ្រប់រូបត្រូវទទួលទោសដូចគ្នា និងស្មោះគ្នា​នៅចំពោះ​មុខ​ច្បាប់។ សម្រាប់លោក កឹម សុខា បើទោះបីត្រូវបានតុលាការផ្តន្ទាទោសចំពោះបទ​ល្មើសដ៏​ធ្ងន់​ធ្ងរ​យ៉ាងណាក្តី តែមិនត្រូវបានយកទៅដាក់នៅពន្ធនាគារនោះឡើយ។ លោក​​ត្រូវបានអនុញ្ញាតឱ្យនៅក្នុងផ្ទះ ជួបជុំក្រុមគ្រួសារ ដោយគ្រាន់តែកាត់សិទ្ធិសេរី​ភាព នៃការដើរហើរតែប៉ុណ្ណោះ។

សម្រាប់យុវជន ពង្ស ភារៈ បានចាត់ទុកសាលក្រមនេះ គឺជាការយោគយល់ និងអនុគ្រោះដ៏ធំធេងសម្រាប់ លោក កឹម សុខា។

យុវជន ភារៈ បានគូសបញ្ជាក់បែបនេះ «ខ្ញុំយល់ឃើញថា អំណាចសាលក្រមរបស់ តុលាការនេះ គឺជាការអនុគ្រោះដ៏ធំធេងសម្រាប់លោក កឹម សុខា។ ធម្មតាការ អនុវត្តន៍​ច្បាប់ត្រូវ​តែ​ស្មើគ្នា ត្រូវតែជាប់គុកទាំងអស់គ្នា តាមអំណាចសាលក្រម។ ដោយឡែកលោក កឹម សុខា គឺជាការអនុគ្រោះមួយដ៏ធំ ដែលគ្រាន់តែបិទ​សិទ្ធិមួយ​ចំនួនដូចជាសិទ្ធិដើរហើរ និងសិទ្ធិនយោបាយ។ តែគាត់អាចមានទំនាក់​ទំនងធម្មតា​នៅ​ក្នុងផ្ទះរបស់គាត់»

លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសដោយយោងតាមរយៈវីដេអូឃ្លីបមួយ ដែលលោកបានថ្លែងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៤។ ក្នុងវីដេអូនេះ លោកបាន​បង្ហាញ​​ផែនការសកម្មភាពមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដែលលោកបាន​រៀប​ចំតាំងពីឆ្នាំ១៩៩៣ មានការជួយរៀបចំពីបរទេស ដោយយកគំរូតាមប្រទេស​យូហ្គោ​ស្លាវី និងស៊ែប៊ីជាដើម។

ក្នុងវីដេអូនោះ លោក កឹម សុខា បានថ្លែងដូច្នេះ «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់​តំណាង​​រាស្ត្រដំបូង អាមេរិកកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក​មុន​គេបង្អស់ ក្នុងនាមជាអ្នកនយោបាយខ្មែរនៅក្នុងប្រទេស ដើម្បីឱ្យយល់ពីដំណើរការ​ប្រជាធិបតេយ្យ។ គេជួយមួយឆ្នាំខ្ញុំទៅម្ដង តាំង១៩៩៣ រហូតចុងក្រោយនេះ ក៏គេ​បាន​សម្រេចថា ដើម្បីឱ្យប្រទេសកម្ពុជា មានការផ្លាស់ប្ដូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួន​ចេញពី​​នយោបាយមួយគន្លាក់សិន មួយដំណាក់សិន ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយ​ឈ្មោះហៅថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់​ប្ដូរ​អ្នកដឹកនាំ យើងមិនអាចទៅដល់ខាងលើបានទេ ប្តូររខាងលើបានទេមុននឹងប្ដូរ​ខាង​លើ​បានទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្រ​នយោ​បាយ​របស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូដែលតាមនៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹក​នាំផ្តា​ច់​ការ ម៉ឹឡសូវិច បាននោះ ម៉ីឡសូវិចរថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែ គេបូរបាន​ដោយ​សារ​គេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើ​នៅស្រុក​ខ្មែរ។ តែអត់មាននរណាដឹងទេ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះ យើងឈាន​ដល់​មួយ​ដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឱ្យដឹង ហើយនៅបន្តទៀតដោយជោគ​ជ័យ​យើងទទួលបាន។ ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រា​ចារ្យ ប្រូហ្វេស័រ នៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតុនឌីស៊ី នៅទីក្រុងម៉ុន​រេអាល ប្រទេសកាណាដា ដែលជាអាមេរិកាំងគេជួលមក ដើម្បីការផ្តល់មតិឱ្យខ្ញុំរបៀប​ជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ ហើយ​យុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនបានជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ?»

កម្ពុជាធ្លាប់មានគំរូនៃការធ្វើបដិវត្តន៍បែបនេះម្តងមកហើយ តាមរយៈរដ្ឋប្រហារ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារនោះ បានធ្វើឱ្យកម្ពុជារអិលជើងធ្លាក់ទៅក្នុងភ្លើង​សង្គ្រាមអស់រយៈពេលជិត ៣ទសវត្សរ៍។ ពលរដ្ឋខ្មែររាប់លានត្រូវស្លាប់ រងរបួសពិការ និរាសព្រាត់ប្រាស់ ប្រទេសជាតិជួបនូវអន្តរាយមិនអាចគណនា។

វិធានការច្បាប់លើលោក កឹម សុខា គឺជាចំណាត់ការមួយទាន់ពេលវេលាទប់ស្កាត់ មិនឱ្យកម្ពុជា ធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមដូចពីអតីតកាល។

យុវជន ពង្ស ភារៈ និងយុវតី លី ស៊ីវហួរ បានគាំទ្រពេញទំហឹងលើចំណាត់ការរបស់ អាជ្ញាធរមានសមត្ថកិច្ច។

យុវជន ពង្ស ភារៈ បានបញ្ជាក់ដូច្នេះ «គោលបំណងរបស់គាត់ ឬផែនការរបស់គាត់ ហ្នឹង បើសិនរាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចរបស់យើងចាត់វិធាន ការមិន ទាន់ពេលវេលាទេ ប្រទេសយើងអាចនឹងធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមដូចបណ្តាប្រទេ សរងការធ្វើបដិវត្តន៍ពណ៌ ក៏ដូចកម្ពុជាយើងកាលពីអតីតកាល។ នេះគឺជាការចាត់​វិធាន​ការមួយទាន់​ពេលវេលា ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់ការអភិវឌ្ឍន៍ជាត់របស់យើង»

យុវតី ស៊ីវហួរ បានបញ្ជាក់ដូច្នេះ «បើយើងក្រឡេកទៅអតីតកាលប្រទេសយើង ធ្លាប់​មាន​ការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល ហើយជះបញ្ហា និងផលអវិជ្ជ​មានជា​ច្រើន​ក្នុងសង្គមយើង។ ការចាត់វិធានការនេះ គឺជារឿងត្រឹមត្រូវហើយ ដើម្បីធានានូវ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ជាពិសេសធានា​ដល់ការ​អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន»

ពាក់ព័ន្ធនឹងសាលក្រមផ្តន្ទាទោសលោក កឹម សុខា នេះ គេបានឃើញស្ថានទូត អាមេរិក ចេញមកសម្តែងប្រតិកម្ម និងមិនគាំទ្រលើសាលក្រមនេះ។ សេចក្តីថ្លែង​ការណ៍របស់អាមេរិក ត្រូវបានគេមើលឃើញថា កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុង​របស់​កម្ពុជា​ដែលជារដ្ឋឯករាជ្យ និងអធិបតេយ្យ។ ជាពិសេសបានបំពានទៅលើតួនាទី​ភារ​កិច្ច​របស់ខ្លួន ដែលមានចែងក្នុងអនុសញ្ញា​ទីក្រុង​វីយ៉ែន ស្តីពីទំនាក់ទំនងការទូត​ឆ្នាំ១៩៦១។ មាត្រា​៤១ នៃអនុសញ្ញាក្រុងវីយ៉ែន ស្តីពីទីនាក់ទំនងការទូត បានតម្រូវ​ឱ្យ​អ្នកការទូត​​នៃ​រដ្ឋ​អធិបតេយ្យទាំងអស់ ត្រូវគោរពច្បាប់ និងបទបញ្ញត្តិទាំងឡាយ​របស់រដ្ឋម្ចាស់ផ្ទះ មិន​ត្រូវ​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះជាដាច់ខាត។ មាត្រានេះ បាន​បញ្ជាក់​ផងដែរថា និវេសនដ្ឋានរបស់ស្ថានបេសកកម្មមិន​ត្រូវប្រើប្រាស់​តាម​របៀប​ណា​មួ​យ ដែលមិនសមស្របតាមមុខងាររបស់ស្ថាន​បេសកកម្ម ដែលមាន​ចែងក្នុងអនុ​សញ្ញា​ទីក្រុង​​វីយ៉ែន ឬក៏វិធានច្បាប់អន្តរជាតិទូទៅផ្សេងទៀត ឬដោយកិច្ចព្រម​ព្រៀង​ពិសេសណាមួយជាធរមានរវាងរដ្ឋរបស់ទូត និងរដ្ឋម្ចាស់ផ្ទះ។

ឆ្លើយតបទៅនឹងប្រតិកម្ម និងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក​ប្រចាំនៅ​កម្ពុជា លោក យ៉ាន វុទ្ធា បានចោទសួរថា ហេតុអ្វីបានជាទូតអាមេរិក ក្នុងនាម​ប្រទេស​ប្រជា​ធិបតេយ្យ បែរជាមិនគាំទ្រចំពោះដំណើរការច្បាប់ទៅវិញ? ឬចង់គាំទ្រទង្វើបដិវត្តន៍ពណ៌ ដែលខ្លួនធ្លាប់ធ្វើកាលពីអតីតកាល។

លោក យ៉ាន វុទ្ធា បានអំពាវនាវសហរដ្ឋអាមេរិក កុំលូកដៃចូលកិច្ចការផ្ទៃក្នុង​របស់​កម្ពុជា កុំគាំទ្រការធ្វើបដិវត្តន៍ពណ៌ ដែលនឹងនាំអាមេរិកមានកំហុសជាថ្មីសម្រាប់​ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

លោក យ៉ាន វុទ្ធា បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់​ស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ចៀសវាងធ្វើឱ្យប៉ះពាល់​ដល់ទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា។ ជាពិសេសកុំសាងកំហុសដែលខ្លួនធ្លាប់​បានធ្វើកាលពីអតីតកាល។ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញចលនាបដិវត្តន៍​ពណ៌នៅកម្ពុជាទេ ដោយសារតែសព្វថ្ងៃយើងរស់នៅបានសុខសាន្ត មានសន្តិភាព​ពេញ​លេញ​ទៅហើយ មានការអភិវឌ្ឍន៍ លំហរប្រជាធិបតេយ្យក៏បើកសេរី។ ខ្ញុំសង្ឃឹម​ថា សហរដ្ឋអាមេរិក មិនព្យាយាមបង្កើតកំហុសជាថ្មីមកលើកម្ពុជាទៀតទេ»