(ភ្នំពេញ)៖ រោងចក្រ តុងហ្វាង​ ឈីងអ៉ី​ ស្ថិតក្នុងភូមិ​ត្រពាំងជ្រៃ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានអគ្គិភ័យឆាបឆេះ នៅរសៀល​ថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ២០២៣នេះ​ ដោយបំផ្លាញរោងចក្រអស់ទាំងស្រុង ខណៈសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ជាង១០០ឡាន ទើបគ្រប់គ្រងបានមិនឲ្យរីករាលដាល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈីង​ អ៉ី​ ភេទស្រី​ អាយុ៤៩ឆ្នាំ។ រោងចក្រនេះជាភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ​៣៥ម៉ែត្រ​ គុណ១០០ម៉ែត្រ​ ហើយករណីនេះក៏មិនបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ។

លោក ព្រហ្ម យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨៤ឡាន។ រថយន្តជំនួយមានរថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន,​ រថយន្តកងរាជអាវុធហត្ថចំនួន​៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​៣ឡាន,​ រថយន្តកងពលតូចលេខ​៧០​ (៧១១)​ ចំនួន​៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​៦ឡាន,​ រថយន្តក្រុមហ៊ុន​ OCIC ជ្រោយចង្វារ​ ចំនួន​៧គ្រឿង​ ប្រេីប្រាស់ទឹកអស់​៧ឡាន,​ រថយន្តក្រុមហ៊ុន​ ស្រាវបៀរកម្ពុជា​ ចំនួន​១គ្រឿង​ ប្រេីប្រាស់ទឹកអស់​២ឡាន​ និងរថយន្តក្រុមហ៊ុន​ ជីប​ ម៉ុង​ ចំនួន​១គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន។

សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះ អគ្គិភ័យហាក់បានកើតឡើងស្ទើររៀងរាល់ថ្ងៃ ពិសេសនៅក្នុងរាជធានីភ្នំពេញតែម្ដង ដែលទាមទារឲ្យប្រជាពលរដ្ឋម្ចាស់លំនៅឋាន ឬទីតាំងផ្សេងៗ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕