(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានដាក់ឲ្យដំណើរការកម្មវិធីលើទូរស័ព្ទ App ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ដ្រីរាជការ អាចពិនិត្យព័ត៌មានទាក់ទងនឹងប្រវត្តិរូបរបស់ខ្លួន និងជាមធ្យោបាយ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ពីក្រសួងមុខងារសាធារណៈផងដែរ។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានបោះពុម្ព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈ បានរៀបចំ និងដាក់ឲ្យដំណើរការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា «MCS Mobile»។

កម្មវិធីនេះអនុញ្ញាតឲ្យមន្ត្រីរាជការ អាចប្រើប្រាស់ជាមធ្យោបាយ សម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ប្រាក់បៀវត្ស រួមទាំងទិន្នន័យ និងព័ត៌មានសំខាន់ដទៃទៀត។ ទន្ទឹមនោះ តាមរយៈកម្មវិធី MCS Mobile នេះ មន្ត្រីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ៖