(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈតួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន គាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សា សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងបរិការណ៍កម្ពុជា ចាំបាច់ត្រូវការការថែរក្សាឱ្យបាននូវសន្តិភាពនិង ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជនចូលរួមជួយ​សាង​សង់​អន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហិង្សាកម្រកើតចេញពីស្ត្រីណាស់ ផ្ទុយទៅវិញ គឺកើតចេញពីបុរស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្វាមី-ភរិយា ចាំបាច់អីត្រូវប្រើហិង្សាដាក់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា បន្ទាប់ពីការអំពាវនាវរបស់សម្តេច ការហែកកេរ្តិ៍គ្នារវាងស្វាមី ភរិយា ដែលបែកបាក់គ្នាលើបណ្តាញសង្គមមានការធ្លាក់ចុះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ស្វាមី ភរិយា ដែលបែកបាក់គ្នាកុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅឯកអគ្គរាជទូត និងរដ្ឋទូតបរទេសដែលចូលរួមកម្មវិធីនាព្រឹកនេះ បានដឹងទេថា ក្រុមប្រឆាំងបានវាយប្រហារលើភរិយាសម្តេច និងប្អូនស្រីទាំងគាត់ទទួលមរណភាពទៅហើយ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា បើពួកគាត់ជាសម្តេច និងជាភរិយាសម្តេច តើមានអារម្មណ៍បែបណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថរបស់ក្រុមប្រឆាំង គឺជូរជាតិណាស់។ សម្តេចនឹងមិនប្រើប៊ិចចុះហត្ថលេខាសុំលើកលែងទោសឱ្យជនណាម្នាក់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនបរទេសមួយចំនួនមិននិយាយដល់រឿងគេប្រមាថលើសម្តេច និងភរិយា តែបែរជាការពារក្រុមជនប្រមាថទៅវិញ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនបរទេសគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីប្រមាណ ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ទទួលបានការឧបត្ថម្ភដូចសម័យកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណត្តិថ្មីមិនមានការប្តូរបេក្ខរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្រាវជ្រាវមួយរកឃើញថា ស្ត្រីមានការគាំទ្រសម្តេចខ្ពស់ជាងបុរស។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ស្ត្រី ដែលបានគាំទ្រការដឹកនាំសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានអះអាងថា អ្វីដែលសម្តេចមាននៅថ្ងៃនេះ មិនអាចខ្វះពីការចូលរួមរបស់ភរិយានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីលើកិច្ចការអាទិភាពចំនួន៨ចំណុច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង៩៖៣៧នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕