(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់បណ្តាទូតនៅកម្ពុជាថា សម្តេចនឹងមិនស្នើសុំការលើកលែងទោសដល់អ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ ដែលបានប្រមាថដល់សពប្អូនថ្លៃស្រី និងក្រុមគ្រួសាររបស់សម្តេច ពេលដែលមានទុក្ខនោះឡើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានបណ្តាទូតនានាចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅបណ្តាទូតអំពីអ្វីដែលក្រុមប្រឆាំងបានវាយប្រហារមកលើសពប្អូនថ្លៃរបស់សម្តេច កាលពីពេលកន្លងទៅនេះ។ សម្តេចបានចោទសួរថា ប្រសិនបើរឿងនេះធ្លាក់ទៅលើបណ្តាទូតទាំងនោះវិញ តើនឹងទទួលយកបានទេ?

សម្តេចបញ្ជាក់ថា «ដូច្នេះហើយ បានជាខ្ញុំប្រកាសមិនចុះហត្ថលេខាណាទាំងអស់ សម្រាប់ការលើកលែងទោសឱ្យ ពួកអ្នកធ្វើនយោបាយដែលអនុវត្តនូវកំហុសព្រហ្មទណ្ឌ ខ្ញុំមិនលើកលែងទោសឱ្យទេ ដោយសារវាអាក្រក់ជ្រុលហើយ គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចនោះទេ ប្រសិនបើខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន»

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំង និងបណ្តាទូត កុំឱ្យស្រមៃថា សម្តេចនឹងប្រើប៊ិចរបស់ខ្លួន ដើម្បីចុះហត្ថលេខាដើម្បីស្នើលើកលែងទោសឱ្យអ្នកនយោបាយណាមួយឱ្យសោះ។ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំពោះក្រុមប្រឆាំង ដែលមិនយល់សូម្បីតែមនុស្សទទួលអនិច្ចកម្មទៅហើយក៏ដោយ ដែលចំណុចនេះ បានធ្វើឲ្យសម្តេចប្តេជ្ញាមិនយោគយល់សម្រាប់ពួកគេវិញដែរ។ សម្តេចក៏បានបន្ទោសជនបរទេសមួយចំនួន ដែលបាននិយាយការពារដល់អ្នកដែលប្រមាថក្រុមគ្រួសាររបស់សម្តេចផងដែរ។

សម្តេចបានបញ្ជាក់ទៀតថា៖ «ខ្ញុំយល់គ្រប់គ្រាន់ហើយ សូមឱ្យគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិកម្ពុជារបស់យើងខ្ញុំទៅប៉ុណ្ណឹងបានហើយ»