(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវចំពោះសប្បុរសជននានាឱ្យចូលរួមជួយកសាងអន្តេវាសិកដ្ឋាន សម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីជំរុញឱ្យសិស្សស្ត្រី នៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ ហើយមានកន្លែងស្នាក់នៅ និងធ្វើយ៉ាងណាកាត់បន្ថយគម្លាតរវាងស្ត្រីនៅតាមទីក្រុង និងទីជនបទ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តដាក់ចេញនូវវិធានការណ៍ និងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការសិក្សាសិស្សជានារី នៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

ត្រង់ចំណុចនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គឺបានប្រគល់ភារកិច្ចដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្ស និងនិស្សិតជានារី ដើម្បីសម្រួលដល់ការរៀនសូត្រនៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានា។

ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរទិវា អន្តរជាតិ នារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ​ឆ្នាំ២០២៣នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីយើងទាំងអស់គ្នា ធ្វើឱ្យក្លាយទៅជាចលនាជាតិ ថ្ងៃមុននៅទីនេះ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី យើងបានដាក់ចេញទិសដៅនៅក្នុងកិច្ចការដែលត្រូវបន្តនោះគឺកិច្ចការយកចិត្តទុកដាក់កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែ ក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះសប្បុរសជនទាំងអស់ចូលរួមក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី នៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយទូទាំងប្រទេសហើយ នៅកៀកតាមឃុំ តាមខេត្ត តាមស្រុក ក៏ប៉ុន្តែ ក៏នៅមានសិស្សមួយចំនួនក្រីក្រ មានការលំបាកខ្វះកន្លែងស្នាក់នៅ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូច្នេះ នៅពេលដែលកសាងសាលារៀនហើយ ក៏ត្រូវកសាងជាមួយនូវអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី នៅថ្នាក់មធ្យមសិក្សា។ បើគ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សាទេ យើងក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ចំណុចនេះ ខ្ញុំគឺចង់កាត់បន្ថយគម្លាតរវាងអ្នករស់នៅតាមទីប្រជុំជន ទីក្រុង និងជនបទដាច់ស្រយាលតាមរយៈនៃការជំរុញឱ្យសិស្សស្ត្រី នៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ ហើយមានកន្លែងស្នាក់នៅ ធម្មតាទេ មាតា បិតាតែងតែព្រួយបារម្ភអំពីកូនស្រី ដូច្នេះយើងក៏ត្រូវធ្វើរឿងនេះ ខ្ញុំមានពិសោធន៍ ទីកន្លែងដែលខ្ញុំធ្វើវិទ្យាល័យទាំងឡាយគឺសុទ្ធតែមានអន្តេវាសិកដ្ឋាន សម្រាប់គ្រូផង និងសម្រាប់សិស្សផង ក្នុងនោះសិស្សជាស្ត្រីជាអាទិភាព»

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយនឹងថវិការបស់រដ្ឋ សម្តេចក៏បានស្នើ និងអំពាវនាវដល់សប្បុរសជននៅតាមទៅកន្លែងនានា ចូលក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រីនៅតាមទីជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទសម្រាប់ស្ត្រីរវាងយើង៕