(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងការសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន ដែលមានភាពចាស់ទុំ និងមានបទពិសោធន៍ការងារយ៉ាងស៊ីជម្រៅ ទាំងការងារជាតិ និងអន្តរជាតិ ពិសេសថ្នាក់ដឹកនាំចាស់ៗដែលបានឆ្លងកាត់ការងារជាច្រើនសម័យកាល គឺនៅតែបន្តជួយជាបទពិសោធន៍ពន្យល់ណែនាំ ដល់មន្រ្តីវ័យក្មេង ដើម្បីរួមសាមគ្គីបំពេញកិច្ច ការងារប្រកបដោយភាពជឿជាក់ និងការទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលជោគជ័យយ៉ាង។

លោកបន្ដថា ដូច្នេះនៅពេលមន្រ្តីចាស់ៗឈប់ពីការងារទៅ គឺមន្ត្រីក្រសួងព័ត៌មាន ជំនាន់ក្រោយអាចបន្តបំពេញភារកិច្ចស្នូលនេះបានល្អទៅមុខទៀត ព្រោះទទួលបានបទពិសោធន៍ និងចំណេះបន្ថែមពីថ្នាក់ដឹកនាំជំនាន់មុន។

ការថ្លែងសរសើរនេះ ធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៣ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ។

លោក-លោកស្រី ជាថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយកដ្ឋានទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន រួមជាមួយលោក-លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ និងអនុគណៈកម្មការ បានធ្វើរបាយការណ៍ លើកឡើងពីវឌ្ឍនភាពការងារសំខាន់ៗនានាដែលមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ជំនាញសម្រេចអនុវត្តន៍ នាពេលកន្លងនេះ ដោយបានធ្វើឲ្យរាល់កិច្ចការងារបានដំណើរដោយរលូន។

ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗ ក៏បានលើកពីផែនការសកម្មភាពការងារស្នូល ដែលត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀត ឲ្យបានកាន់តែល្អប្រសើរ។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កំលាំងកាយចិត្ត ដើម្បីសម្រេចបានលទ្ធផលការងារបានយ៉ាងល្អ។ ជាជំហានបន្តទៅមុខទៀត ក្រសួងព័ត៌មាន គ្រោងរៀបចំសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ នៅក្នុងខែមីនា ឆ្នាំ២០២៣ ត្រៀមចូលរួមថតផ្សាយកម្មវិធីអង្គរសង្រ្គាន្តនៅសៀមរាប រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ត្រៀមសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ និងការត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតអន្តរជាតិឆ្នាំ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលនឹងបណ្តាប្រទេសជាច្រើន នាំយករ៉ូបូតមកចូលរួមប្រកួត ប្រជែងដើម្បីបង្ហាញសមត្ថភាព ស្ថាដៃ និងទេពកោសល្យ របស់ខ្លួនរៀងៗខ្លួន។ អ្វីដែលសំខាន់សម្រាប់ព្រឹត្តការណ៍របស់ជាតិ គឺដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខែកក្កដា ខាងមុខនេះ ។

កិច្ចប្រជុំប្រចាំសាមញ្ញប្រចាំសប្តាហ៍នាឱកាស នេះដែរ បានធ្វើការពិនិត្យលើកិច្ចការងារដែលគ្រប់ផ្នែកគ្រប់ជំនាញ បានអនុវត្តនាពេលកន្លងមក និងដាក់ចេញជាផែនការ កិច្ចការងារ ព័ត៌មាន និងសោតទស្សន៍ សម្រាប់បំពេញព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ពិសេសការត្រៀមដំណើរទៅធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់តែ ៦០ ថ្ងៃទៀតប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញឲ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បន្តផ្សាយឲ្យកាន់តែទូលំទូលាយនូវសេចក្តីថ្លែងព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងការកាត់ទោស លោក កឹម សុខា កាលពីពេលថ្មីៗមកនេះ ដោយក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដោយបានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយ ចំនួនដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក ដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែង នៅក្នុង មាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ ទំនងការទូត (VCDR-1961)។

ការថ្លែងថាសវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែង បែបរើសអើង និងមានចរិកលាក់ពុត។ ការពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារ មានការ បំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនា នយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែង យ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោសចំពោះបទល្មើសដ៏អាក្រក់នេះ ៕