(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីលើកិច្ចការអាទិភាពចំនួន៨ចំណុច។

ការស្នើយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

នាឱកាសនោះ សម្ដេចតេជោបានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីលើកិច្ចការអាទិភាពដូចខាងក្រោម៖

១. គ្រប់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ និងជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយ កម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់នានា ក្របខណ្ឌជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបៃតង។

២. បន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន។

៣. ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធបង្កើនការវិនិយោគក្នុងការពង្រឹងសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង តាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី ការគាំទ្រដល់សេដ្ឋកិច្ចដែលគិតគួរពីសុខុមាលភាព និងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិត ការងារ និងគ្រួសារ។

៤. បង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ដើម្បីលុបបំបាត់គម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល និងការពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននិងស្ត្រី។

៥. បន្តដាក់ចេញវិធានការ និងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការសិក្សារបស់និស្សិតជានារីនៅកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។ ត្រង់ចំណុចនេះ សម្ដេចតេជោបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្តីកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចបានប្រគល់ភារកិច្ចឱ្យក្រសួងអប់រំ យុវជន និងកីឡាក្នុងការពង្រីកការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្ស និងនិស្សិតជានារី ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

៦. បន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាព និងគុណភាពនៃសេវា ឆ្លើយតបជាពហុវិស័យជួយជនរងគ្រោះ ការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

៧. បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាពកម្មវិធីមាតាបិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន និងពង្រីកវប្បធម៌អហិង្សា ព្រមទាំងកសាងគ្រួសារប្រកបដោយសុខដុមរមនា។

៨. បន្តអនុវត្តវិធានការគាំពារសង្គមប្រកបដោយបរិយាបន្ន តាមរយៈការពង្រីកវិសាលភាពអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គមឱ្យដល់ក្រុមជនងាយគ្រោះ និងបាត់បង់ឱកាសផ្សេងៗក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាព មាតា និងទារក ដើម្បីធានាបានលើការសម្រេចនូវការគ្របដណ្តប់ សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាជនគ្រប់រូបសូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឱ្យស្ត្រី និងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំងទទួលនូវភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់៕